យោធាអាមេរិក ប្រកាស ពី គម្រោង សាកល្បង មីស៊ីលផ្លោង អន្តរទ្វីប
អាមេរិក:អ្នក នាំ ពាក្យ មន្ទីរ បញ្ចកោណ លោក Pat Ryder បាននិយាយ កាល ពី ថ្ងៃ អង្គារ ថា យោធា អាមេរិក នឹង បាញ់ សាកល្បង នូវ មីស៊ីល ផ្លោង អន្តរ ទ្វីប Minuteman III នៅ ថ្ងៃ ពុធ នេះ ទី៧ខែ កញ្ញា ពីមូលដ្ឋាន ទ័ព អវកាស Vandenberg ក្នុង រដ្ឋ កាលីហ្វ័រញ៉ា ។ បើតាមលោក Ryder ការ បាញ់ សាក ល្បង នេះ នឹង ក្លាយ ជា « ទម្លាប់ » តាម ការ គ្រោង ទុក យូរ មក ហើយ ហើយ សហរដ្ឋ អាមេរិក ក៏ បាន ជូន ដំណឹង ដល់ រុស្ស៊ី និង ប្រទេស ដទៃ ទៀត អំពី ផែនការនេះ ដែរ ។
ទន្ទឹម នឹង នេះ លោក Ryder បន្ថែម ថា គោល បំណង នៃ ការ ធ្វើ តេស្ត នេះ៖ « គឺ ដើម្បី បង្ហាញ ពី ការ ត្រៀម ខ្លួន របស់ កង កម្លាំង នុយក្លេអ៊ែរ របស់ សហរដ្ឋ អាមេរិក និង ផ្តល់ ទំនុក ចិត្ត លើ សន្តិសុខ ហើយ បង្ហាញ ពី ប្រសិទ្ធភាពរបស់ អាមេរិក ក្នុង ការ ទប់ ទល់ នឹង អាវុធ នុយក្លេអ៊ែរ »។
សូមរំឭកថា កាល ពី ពាក់ កណ្ដាល ខែ សីហា កង ទ័ព អាកាស អាមេរិក បាន បាញ់ បង្ហោះ ដោយ ជោង ជ័យ នូវ មីស៊ីលផ្លោង អន្តរទ្វីប Minutemen III ដែល មិន បំពាក់ គ្រឿង ផ្ទុះ ក្រោយ ពន្យារ ពេល សាក ល្បង ២ដង ដើម្បី បញ្ជៀស ការ បង្កើន ភាព តាន តឹង លើ សង្រ្គាម អ៊ុយក្រែន និង វិបត្តិ ច្រក សមុទ្រ តៃវ៉ាន់ ។
ក្នុង ការ សាកល្បង នោះ មីស៊ីល Minutemen III ត្រូវ បាន បង្ហោះដោយ ភ្ជាប់ នឹង យាន ត្រឡប់ (Re-entry Vehicle) ដែលមាន សមត្ថភាព ដឹក ក្បាល គ្រាប់ នុយក្លេអ៊ែរ ហើយ យាន ត្រឡប់ នោះ បាន ហោះ លើ រយៈ ចម្ងាយ ៦ ៧០០ គីឡូម៉ែត្រ ពី មូលដ្ឋាន ទ័ព អវកាស Vandenberg ទៅ កាន់ កោះ Kwajalein Atoll នៃ បណ្ដុំ កោះ Marshall នៅ ភាគ ខាង លិច ប៉ាស៊ីហ្វិក ។
ជាការកត់សម្គាល់ មីស៊ីល ផ្លោង អន្តរទ្វីប Minutemen III អាចវាយ ប្រហារ បាន ក្នុង រយៈ ចម្ងាយ ១៣ ០០០ គីឡូម៉ែត្រ និង ដំណើរ ការ តាំង ពី ឆ្នាំ ១៩៧០ ។ មីស៊ីល នេះ ជា និមិត្ត រូបដ៏ មាន ឥទ្ធិពល របស់ សហរដ្ឋ អាមេរិក ក្នុង ការ ប្រកួត ប្រជែង គ្នាជាមួយ សហភាព សូវៀត និង ក្រោយ មក រុស្ស៊ី ។ ប៉ុន្តែ មីស៊ីល ផ្លោង អន្តរទ្វីប Minutemen III របស់អាមេរិក មាន សមត្ថភាព ខ្សោយ ជាង មីស៊ីល ផ្លោង RS-28 Sarmat ដែល រុស្ស៊ី កំពុង សាកល្បង ។ នេះបើតាមការអះអាងរបស់ក្រុមអ្នកជំនាញ៕
ដោយ:ហួន ឌីណា
ប្រភព៖ US military announces plan to test ICBM https://www.straitstimes.com/world/united-states/us-military-announces-plan-to-test-icbm