គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំពាក់ព័ន្ធបរិស្ថាន នៅក្នុងសហគមន៍ទាំង៣

សៀមរាប៖ កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រោមយុទ្ធនាការ “កម្ពុជាស្អាត កម្ពុជាបៃតង” បានសហការ ជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរទន្លេសាបរៀបចំជាទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍អំពី ការគ្រប់គ្រងសំរាមនៅតំបន់សហគមន៍កំពង់ភ្លុក និងកិច្ចប្រជុំដើម្បីរៀបចំផែនការ Clean and Green សម្រាប់ សហគមន៍ចុងឃ្លៀស និងសហគមន៍កំពង់ឃ្លាំង កាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅក្រោមមានវត្តមានលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ភូមិ ឃុំ ជាច្រើននាក់ ស្ថិតនៅសាលាឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺចាប់ពីថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ចែម រ៉ាណែល អនុប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជម្រុញការប្រឡងប្រណាំង បានបង្ហាញថា ដើម្បីបន្តជំរុញភាពស្អាត និងបៃតង និងបន្តគាំទ្រដល់សហគមន៍ទាំង៣ខាងលើនេះ ក្នុងដំណើការរៀបចំផែនការ Clean and Green ឱ្យបានពេញលេញនោះ ក្រុមការងារគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ គ្រោងនឹងចុះតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ Clean and Green នៅក្នុងសហគមន៍ចុងឃ្លៀស សហគមន៍កំពង់ឃ្លាំង និងសហគមន៍កំពង់ភ្លុក ក្នុងន័យនេះ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានស្នើសុំកិច្ចសហការ និងសម្របសម្រួលពីរដ្ឋបាលខេត្តផងដែរ។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានជំរុញឲ្យរដ្ឋបាលក្រុង រដ្ឋបាលស្រុក ចៅសង្កាត់ មេឃុំ មេភូមិ ប្រធានសហគមន៍ ព្រមទាំងសមាជិក និងស្ថាប័នពាក់ព័ន្ធនសហគមន៍ទាំង ០៣ខាងលើនេះ ធ្វើយ៉ាងណាដើម្បីចូលរួមធ្វើការពិនិត្យលើផែនការ Clean and Green និងការអនុវត្តទៅលើទីតាំងជាក់ស្ដែង។

លោក បានបន្តថា ការតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ Clean and Green របស់សហគមន៍កំពង់ឃ្លាំង សហគមន៍ចុងឃ្លៀស និងសហគមន៍កំពង់ភ្លុក នៅខេត្តសៀមរាបនេះ នៅតាមភូមិនីមួយៗ ក្នុងឃុំ គឺយើងត្រូវចាត់ចែងដាក់ធុងសម្រាម់យ៉ាងហោចណាស់ឲ្យបាន១០ទីតាំង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋពួកគាត់បានប្រមូលសំរាម់ពីកន្លែងផ្សេងៗ យកទៅដាក់នៅតាមទីតាំងដែលអាជ្ញាធរបានដាក់ឲ្យនោះ។ លោក បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតថែរក្សាអនាម័យ បរិស្ថានឱ្យមានល្អ ដើម្បីសុខភាពក្នុងការរស់នៅរបស់យើងគ្រប់ៗគ្នា អោយសមជាកន្លែងទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាផងដែរ ៕ ដោយ ស៊ាន សុផាត

ads banner