អគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងក្នុងខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចេញរថយន្តបាញ់ទឹកពន្លត់

ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានម្ចាស់ទុកចោល និងមានបុរសអនាថាម្នាក់ដេីររេីសអេតចាយបានមកស្នាក់នៅបណ្ដោះអាសន្ន ក៏បង្កាត់ភ្លេីងទុកចោលបណ្ដាលឲ្យឆាបឆេះចេញជាអណ្ដាតភ្លេីងរាលដាលយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អេីលអ្នកជិតខាង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ ហៅក្រុមជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង មកអន្តរាគមន៍ បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅផ្ទះល្វែងទុកចោលមួយកន្លែង នៅតាមផ្លូវជាតិលេខ១ (ទល់មុខដីយាយផាន់) ក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះល្វែងខាងលើមានចំនួន៣ទៅ៤ល្វែងដែលម្ចាស់ទុកចោលជាច្រើនខែឆ្នាំមកហើយ ព្រមទាំងមានក្រុមអ្នករើសអេតចាយមកស្នាក់នៅបែបអនាធិបតេយ្យផងដែរ ។ លុះនៅយប់កើតហេតុស្រាប់តែមានផ្សែងហុយទ្រលោម ទើបប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ខ្លាចរាលដាលដល់ផ្ទះពួកគាត់ តែស្ថានភាពគ្រប់គ្រងមិនបាន ដោយអណ្ដាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើង ទើបប្រជាពលរដ្ឋរាយការណ៍អាជ្ញាធរមូលដ្ឋាន និងកម្លាំងជំនាញចេញរថយន្តបង្ការ សង្គ្រោះអគ្គិភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ទឹកពន្លត់យ៉ាងញាប់ដៃជើងដើម្បីកុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ។

ក្នុងករណីអគ្គិភ័យខាងលើនេះ កម្លាំងជំនាញបានប្រើពេលប្រហែល១ម៉ោងក៏បានបាញ់ទឹកឲ្យរលត់ទៅវិញជាស្ថាពរ និងប្រើប្រាស់ទឹកអស់ចំនួន ៥គ្រឿង ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ចំពោះមូលហេតុ គឺបណ្ដាលមកពី ជនអនាថាបង្កាត់ភ្លើងក្នុងផ្ទះល្វែងទុកចោល ទើបរាលដាលឆាបឆេះយ៉ាងដូច្នេះ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner