បំបែកកំណត់ត្រា មានអ្នកលោតច្រើនជាងគេ នៅលើពិភពលោក អង្គការផ្កាយសមុទ្រទទួលថវិកា១ម៉ឺនដុល្លារពី AIA
ភ្នំពេញ៖ ទឹកប្រាក់ចំនួន ១០.០០០ដុល្លារ បានមកពីកម្មវិធី Jump start a Better Life ដែលទទួលបានការគាំទ្រ ពីប្រជាជនជាច្រើននៅលើពិភពលោក បានប្រគល់ជូនដល់អង្គការផ្កាយសមុទ្រហើយ នាព្រឹកថ្ងៃទី៧ កញ្ញាឆ្នាំ ២០២២ នៅទីតាំងរបស់អង្គការផ្កាយសមុទ្រ ស្ថិតនៅ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្របានឲ្យដឹងថា យុទ្ធនា Jumpstart a Better Life នេះយើងបានចាប់ផ្តើម នាថ្ងៃទី២ខែសីហាឆ្នាំ២០២២ និងបញ្ចប់ទៅវិញនាថ្ងៃទី៣១សីហាឆ្នាំ២០២២ ដោយមានអ្នកចូលរួមរហូតដល់ទៅ៣ម៉ឺននាក់ គឺមានដូចជា៖ កម្ពុជា អង្លេស ស្គត់លែន ហុងកុង និងប្រទេសចិន ។ កំណត់ត្រានេះ គឺត្រូវបានចុះក្នុងបញ្ចី Asea Book of Record គឺមានអ្នកលោតច្រើនជាងគេនៅលើពិភពលោក ត្រឹមតែ១ខែ ។
ថ្នាក់ដឹកនាំវ័យក្មេងរូបនេះ បញ្ចាក់ថា “ គោលបំណងនៃការរៀបចំយុទ្ធនាការនេះ គឺដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ដាក់ពេលវេលារៀបចំផែនការសម្រាប់ខ្លួនឯង ដើម្បីឲ្យការរស់នៅបានប្រសើរ ។ មួយវិញទៀត ការលោតរបស់គាត់ គឺចូលរួមចំណែកក្នុងការជួយក្មេងៗ ដែលរស់នៅក្នុងអង្គការផ្កាយសមុទ្រ ជួយដល់សិស្សដែលកំពុងរៀនទៅលើ សម្ភារៈសិក្សា សំលៀកបំពាក់ អាហារពេលព្រឹក និង ថ្ងៃត្រង់ សម្រាប់សិស្សក្រីក្រ ឲ្យបានសិក្សារៀនសូត្រ។
លោកស្រី ជួបវិច្ឆិកា បានបន្តដោយសង្ឃឹមថា នៅពេលបេសកកម្មនេះរួចរាល់ អង្គការក៍នឹងរៀបចំឲ្យមានកម្មវិធីបន្តទៀត ជាមួយ AIA ឬជាមួយដៃគូផ្សេងទៀត ដែលផ្តោតសំខាន់ទៅលើសុខភាព និង លើការអប់រំ ។ សំខាន់ជាងគេគឺការអប់រំ ព្រោះចុងក្រោយនៅពេលដែលគាត់ មានចំណេះដឹង គ្រប់គ្រាន់ គាត់និងមានឪកាសការងារបានប្រសើរជាងមុន និង ជួយគ្រួសាររបស់គាត់ ហើយនិងបំបែកភាពក្រីក្រ នៅក្នុងសហគមន៍របស់គាត់ ។
លោក Andrew Loh( អ៊ិនទ្រូឡ) នាយកប្រតិបិត្តរបស់ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA បានមានប្រសាសន៍ថា “ អ្វីដែលពួកយើងធ្វើនាពេលនេះ គឺដើម្បីឲ្យក្មេងៗមានឧកាសក្នុងការរៀនសូត្រ ព្រោះការសិក្សាពិតជាមានសារៈសំខាន់ណាស់ ដើម្បីសម្រេចជោគជ័យរបស់ពួកគេទៅថ្ងៃក្រោយ ” ។ លោកបាននិយាយថា “ ក្រៅពីការសិក្សា ប្អូនៗទាំងអស់គឺភាគច្រើន ចង់ក្លាយទៅជាកីឡាករដ៍ខ្លាំងម្នាក់ “ ។
នាយកប្រតិបិត្តខាងលើបញ្ជាក់ថា ៖ លោកពិតជាសប្បាយរីករាយជាខ្លាំង ដែលយុទ្ធនាការនេះទទួលបានភាពជោគជ័យ ដោយយើងបាននាំយកនូវការគាំទ្ររបស់ប្រជាជននៅលើពិភពលោក ដើម្បីឲ្យប្អូនៗទទួលបាននូវការសិក្សា និង សុបិន្តឲ្យក្លាយជាការពិតនៅថ្ងៃអនាគត។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ អង្គការផ្កាយសមុទ្រ បានធ្វើការជាមួយក្មេងៗ ក្នុងកម្មវិធីអប់រំចំនួន ៧០០នាក់ ដោយធ្វើការចំនួន២សហគមន៍ នៅច្បាអំពៅ និង ស្ទឹងមានជ័យ។ ក្រៅពីនោះកម្មវិធីកីឡាដែលអង្គការបានរៀបចំឡើង គឺកម្មវិធីបាល់ទាត់ ដោយធ្វើការជាមួយក្មេងជិត៤០០០នាក់ មានក្មេងស្រី ក្មេងប្រុស និង ក្មេងពិការ ។
កម្មវិធីកីឡាគឺធ្វើឡើង ដើម្បីផ្តល់ឧកាស ឲ្យក្មេងៗបានចូលរួមក្នុងសកម្មភាពសង្គម ដោយសារពួកគេភាគច្រើនមកពីគ្រួសារក្រីក្រ ដូច្នេះសកម្មភាពនេះបានផ្តល់ឲ្យគេ ចូលរួមសកម្មភាពសង្គម ហើយ វាក៍ជាកន្លែងសម្រាប់ឲ្យរៀនសូត្រដែរ ។ក្រៅពីប្រកួតគ្នា ពួកគេនិងមានទំនាក់ទំនងល្អ រៀនធ្វើការជាក្រុម និង រៀនដោះស្រាយបញ្ហា ហើយជំនាញនេះ គឺជាជំនាញដែលពួកគេ អាចយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងប្រើប្រាស់ពេលបម្រើការងារនាពេលខាងមុខផងដែរ៕ជាវ ចន្ធូ



