របាយការណ៍៖ សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនសព្វាវុធបន្ថែមទៅឱ្យអ៊ុយក្រែន

កៀវ៖ មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គ្រោងនឹងប្រកាសពីការបញ្ជូនសព្វាវុធថ្មីទៅកាន់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃ ៦៧៥លានដុល្លារ។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់កាសែត Washington Post។

បើតាមរបាយការណ៍ ការដឹកជញ្ជូននេះនឹងរួមបញ្ចូលជុំថ្មីទៀតនូវប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះផលិតដោយអាមេរិក ដែលអ៊ុយក្រែនបានទទួលរួចហើយពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ប្រភពដដែលបន្ថែមថា កញ្ចប់សព្វាវុធនោះ ក៏រួមមានរថយន្ត និងឧបករណ៍សម្រាប់ទាហានផងដែរ។

កាលពីសប្តាហ៍មុន សេតវិមានបានស្នើសុំសភាឱ្យបែងចែកប្រាក់បន្ថែមចំនួន ១១.៧ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយផ្នែកយោធាសម្រាប់អ៊ុយក្រែន រួមទាំងថវិការ ៤.៥ពាន់លានដុល្លារសម្រាប់ការទិញសព្វាវុធ និងឧបករណ៍យោធា។
អាមេរិកគឺជាអ្នកឧបត្ថម្ភធំបំផុតសម្រាប់យោធាអ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។

ក្នុងចំណោមសព្វាវុធធុនធ្ងន់ដែលត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនដោយមន្ទីរបញ្ចកោណ រួមមានប្រព័ន្ធមីស៊ីល (HIMARS), ប្រព័ន្ធកាំភ្លើងយន្ត M777 និងយន្តហោះដ្រូនប្រយុទ្ធ។ ផែនការដែលបានរាយការណ៍ ថា នឹងបំពេញបន្ថែមឃ្លាំងផ្ទុកគ្រាប់កាំភ្លើងធំនេះ កើតឡើងបន្ទាប់ពីទីក្រុងកៀវបានបើកប្រតិបត្តិការវាយលុកដ៏ធំនៅភាគខាងត្បូង និងខាងជើង ប្រឆាំងនឹងទាហានរុស្ស៊ី ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner