ករណីចាក់រះកាំបិតនៅកាណាដា៖ ជនសង្ស័យទាំងពីរនាក់ស្លាប់ ក្រោយសម្លាប់មនុស្សអស់១០នាក់ និងបង្ករបួសដល់ មនុស្ស១៨ នាក់ទៀត

កាណាដា៖ ជនសង្ស័យជាជនដៃដល់ បានប្រើកាំបិត ចាក់រះ ទៅលើប្រជាជនរស់នៅក្នុងសហគមន៍ជនជាតិភាគតិច James Smith Cree Nation និងទីក្រុង Weldon ស្ថិតក្នុងខេត្ត Saskatchewan ភាគកណ្ដាលនៃប្រទេសកាណាដា នៅថ្ងៃអាទិត្យ ទី០៤កញ្ញា។ ជាហេតុការណ៍ដែលបានបណ្ដាលឲ្យមនុស្សចំនួន១០នាក់បាត់បង់ជីវិត និង១៨នាក់ទៀតរងរបួស។

ភ្លាមៗក្រោយពេលកើតហេតុ ក្រុមប៉ូលីសកាណាដា បានបើក ប្រតិបត្តិការ ទ្រង់ទ្រាយធំ តាមប្រមាញ់ជនសង្ស័យដែលជាខ្មាន់កាំបិត នៅក្នុងហេតុការណ៍ចាក់រះនេះ។

បើតាមការឲ្យដឹងពីក្រុមប៉ូលីស ជនសង្ស័យបង្កហេតុមានចំនួនពីរ នាក់ ត្រូវជាបងប្អូននឹងគ្នា គឺ Myles Sanderson អាយុ ៣២ឆ្នាំ និង Damien Sanderson អាយុ ៣១ឆ្នាំ។ ក្រោយថ្ងៃកើតហេតុមួយថ្ងៃ ពោលគឺថ្ងៃចន្ទ ទី៥ខែកញ្ញាឆ្នាំ២០២ ជនសង្ស័យ Damien Sanderson ត្រូវបានគេរកឃើញថាស្លាប់នៅតំបន់សហគមន៍ James Smith Cree Nation។ បើតាមការសន្និដ្ឋានរបស់ប៉ូលីស Damien Sanderson ស្លាប់ដោយសារការរងរបួស ហើយរបួស នោះទៀតសោត មិនមែនកើតឡើងដោយសារតែការវាយធ្វើបាប ខ្លួនឯង នោះឡើយ។

បន្ទាប់ពីរកជនសង្ស័យម្នាក់ឃើញហើយ ប៉ូលីសកាណាដាបន្ត ប្រតិបត្តិការស្វែងរកជនសង្ស័យម្នាក់ទៀត គឺ Myles Sanderson។ ជនសង្ស័យ Myles Sanderson ត្រូវប៉ូលីសស្វែងរកឃើញនិង ចាប់ខ្លួនបាននៅថ្ងៃពុធ ទី៧ ខែកញ្ញា ពោលគឺបួន ថ្ងៃក្រោយ ថ្ងៃចាក់រះដោយកាំបិត។ ប៉ុន្តែនៅពេលចាប់ខ្លួនបាននោះ Myles Sanderson មានស្ថានភាពសុខភាពខ្សោយមែនទែន ដែល តម្រូវឲ្យបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ដោយសារអាការៈធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យពុំអាចសង្គ្រោះ ជីវិតជន សង្ស័យរូបនេះបានទេ។ ជនសង្ស័យ Myles Sanderson បាន បាត់បង់ជីវិត នៅល្ងាចថ្ងៃពុធ ទី៧ខែកញ្ញា។

ប៉ូលីសអះអាងថា ខ្លួននឹងបើកការស៊ើបអង្កេតឯករាជ្យមួយ ចំពោះ ករណីស្លាប់របស់ជនសង្ស័យ Myles Sanderson នេះ ជាពិសេស គឺមូលហេតុដែលនាំឲ្យជនសង្ស័យទាំងពីរ បង្កហេតុចាក់រះកាំបិតទៅ លើ ហ្វូងមនុស្សតែម្ដង បើទោះបីជាជនបង្កហេតុទាំងពីរ បានស្លាប់ ហើយក៏ដោយ៕
ដោយ៖កែវ កិរិយា

ads banner