រដ្ឋមន្រ្តីសង្គមកិច្ច៖ អំឡុងវិបត្តិនៃការឆ្លងរាតត្បាត ជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិកាជិត៨០០លានដុល្លារ ដើម្បីជួយ ឧបត្ថម្ភទំនុកបម្រុងដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ
បាត់ដំបង៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានបញ្ជាក់ថា នៅក្នុងអំឡុងពេលជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយនូវថវិកា ជាតិជិត ៨០០លានដុល្លារ ទៅលើការឧបត្ថម្ភផ្តល់ជូននូវសាច់ប្រាក់សុទ្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ដែល កម្ពុជា កំពុងតែជួបនូវវិបត្តិជំងឺឆ្លងរាតត្បាត ជំងឺកូវីដ-១៩ក្នុង រង្វង់ចំនួន៧០ម៉ឺនគ្រួសារ និងមនុស្សរាយប្រមាណជិតបីលាននាក់។

ឯកឧត្តមបានថ្លែងដូចនេះក្នុង ពិធីប្រកាសចូលកាន់មុខ តំណែង ថ្មី របស់លោក ភួង សិទ្ធិ ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង ជំនួសលោក គឹម តេង ដែលត្រូវ ផ្ទេរភារកិច្ចទៅកាន់ទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថាកន្លងមករាជរដ្ឋាភិបាលបានខិតខំក្នុងការបើកផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋក្រីក្រនិងរងផល ប៉ះពាល់ ដោយសារវិបត្តិកូវីដ១៩និងផ្តល់ការគាំពារដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនឆ្លងទន្លេ និងក្រោយឆ្លងទន្លេ ព្រមទាំងការផ្តល់ប័ណ្ណសមធម៌ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រផងដែរ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងណែនាំដល់គ្រប់អាជ្ញា មូលដ្ឋានពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវធ្វើយ៉ាងណា ក្នុងការផ្តល់សេវា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានលើកឡើង ខាងលើនេះឲ្យមានប្រសិទ្ធភាព តម្លាភាពឲ្យចំគោលដៅរបស់ រាជរដ្ឋាភិបាល ក្នុងការចុះស្រង់បញ្ជីឈ្មោះអ្នកក្រីក្រពិតប្រាកដ ដែលជាមុខសញ្ញាត្រូវជួយឧបត្ថម្ភគាំពារដល់ពួកគាត់ទាំងនោះ ប្រកបដោយសុក្រិត្យនិងតម្លាភាពឲ្យបានត្រឹមត្រូវ ចៀសវាងកើត ឡើងបាតុភាពដែលផ្ទុយខុសពីគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន ខេត្តបាត់ដំបង