គណៈប្រតិភូសាលារាជធានីភ្នំពេញបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ ជាមួយនឹងលទ្ធផលយ៉ាងត្រចេះត្រចង់

ភ្នំពេញ៖ ដំណើរទស្សនៈកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ត្រូវបានបញ្ចប់និងបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រលប់ថ្ងៃទី៨កញ្ញានេះ ដោយបាននាំមកនូវលទ្ធផលយ៉ាងត្រចេះត្រចង់ ។

នៅថ្ងៃទី៥កញ្ញា ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង បានដឹកនាំប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ ធ្វើទស្សនកិច្ច និងសិក្សាគម្រោងរោងចក្រកែច្នៃសំរាមជាថាមពលអគ្គិសនីសុកសឺន។ បន្ទាប់មក គណៈប្រតិភូបានបន្តទស្សនកិច្ចអាងប្រព្រឹត្តិកម្មទឹកកង្វក់ ហើយនៅរសៀល គណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងជាមួយ ឯកឧត្ដម TRAN SY THANH សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ រួមជាមួយប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ។

បន្ទាប់មក គណៈប្រតិភូបានបន្តជួបសម្ដែងការគួរសមជាមួយឯកឧត្តម DING TIEN DUNG សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ។ នៅរសៀលថ្ងៃដដែរនោះឯកឧត្តម ឃួង ស្រេង ក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោកជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ដោយបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគនៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ឲ្យបានយល់កាន់តែច្បាស់ ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសំរាប់ទីក្រុងទាំង២។

បន្តមកគណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ ឯកឧត្តម ឌិញ ទៀនហ្សុង សមាជិកគណៈកម្មាធិការ កណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីរិតចំណងមិត្តភាព សាមគ្គី ភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ភ្នំពេញ ហាណូយដែលជាទីក្រុង សម្ពន្ធ័ភាពនឹងគ្នា។

នៅរសៀលថ្ងៃទី៦ ខែកញ្ញា គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេងបានអញ្ជើញចូលជួបសំដែងការគួរសម ជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ រសៀលថ្ងៃទី៦ កញ្ញា នោះដែរ ឯកឧត្តម ឃួង ស្រេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញជួបសំដែងការគួរសមជាមួយ ឯកឧត្តម វឿង ឌីញ ហឺ (VUONG DINH HUE)ប្រធានរដ្ឋសភានៃសាធារណៈសង្គមនិយមវៀតណាមនៅវិមានរដ្ឋសភានាទីក្រុងហាណូយ។

នៅថ្ងៃទី៨កញ្ញានេះ ឯកឧត្តម អភិបាលនិងលោកស្រីរួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិពណ៍ទីផ្សារណាត់ទេសចរណ៍អន្តរជាតិ (ITE)លើកទី១៦នៅទីក្រុងហូជីមិញ ។ឯកឧត្តម ឃួង ស្រេង ក៏បានជួបពិភាក្សាការងារជាមួយ លោកPHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។ ឯកឧត្តម PHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀត រវាងទីក្រុងទាំង២ ហូជីមីញ.ភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ពន្ធ័ភាព។

នៅថ្ងៃដដែលនេះដែរ គណៈប្រតិភូរាជធានីភ្នំពេញ បានបន្តជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញ និងចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃទីក្រុងហូជីមីញ ក៏មានការចូលរួមពី ឯកឧត្តម សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមីញផងដែរ មុនធ្វើមាតុភូមិនិវត្តមកកាន់រាជធានីភ្នំពេញវិញ។ អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីលទ្ធផលក្នុងដំណើរទស្សនៈកិច្ចប្រកបដោយផ្លែផ្ការបស់គណៈប្រតិភូសាលារាជធានីភ្នំពេញនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមពិសេសនៅទីក្រុងហាណូយ និងទីក្រុងហូជីមីញ ដែលជាសម្ពន្ធ័ភាពនឹងគ្នា៕ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner