ព្រះមហាក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស សោយទិវង្គតក្នុងព្រះជន្ម ៩៦ព្រះវស្សា

ឡុងដ៍៖ ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II របស់ប្រទេសអង់គ្លេស បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា បន្ទាប់ពីបានឡើងសោយរាជ្យអស់រយៈពេល ៧០ឆ្នាំ។

ម្ចាស់ក្សត្រីបានសោយទិវង្គតនៅរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងប្រទេសស្កុតឡេន ហើយព្រះសពរបស់ទ្រង់នឹងត្រូវបញ្ជូនមកក្រុងឡុងដ៍វិញ។ ចំណែកព្រះអង្គម្ចាស់ Charles ដែលជាព្រះរាជបុត្រច្បង នឹងឡើងសោយរាជ្យបន្ត។

ព្រះមហាក្សត្រី Elizabeth II ត្រូវបានគេស្គាល់ទ្រង់ថា ជាព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស ហើយក៏ជាក្សត្រីគ្រងលើរាជបុរីប្រមាណជា ១៤រាជបុរីផ្សេងទៀតនៅលើពិភពលោក។

យោងតាមព្រះរាជប្រវត្តិផ្លូវការរបស់ទ្រង់ បានឱ្យដឹងថា ព្រះមហាក្សត្រី Elizabeth II ទ្រង់ប្រសូត្រកាលពីថ្ងៃទី២១ ខែមេសា ឆ្នំា១៩២៦ បើគិតមកដល់ឆ្នំា២០២២នេះ ទ្រង់មានព្រះជន្មាយុ៩៦ព្រះវស្សាហើយ។ ទ្រង់បានរាជាភិសេកកាលពីខែវិច្ឆិកា ឆ្នំា១៩៤៧ ជាមួយនឹងព្រះអង្គម្ចាស់ ហ្វីលីព ម៉ោនបាតធិន (Philip Mountbatten)។

នៅក្នុងកិច្ចព្រះរាជអាវាហមង្គលជាមួយនឹងព្រះអង្គម្ចាស់ Philip Mountbatten ព្រះមហាក្សត្រី Elizabeth II បានផ្តល់កំណើតឱ្យព្រះរាជបុត្រាបត្រីចំនួន៤ព្រះអង្គ។ ព្រះរាជអាវាហមង្គលនេះ មានរយៈពេល៧៣ឆ្នំា រហូតដល់ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ Philip Mountbatten កាលពីខែមេសាឆ្នំា ២០២១។

ព្រះមហាក្សត្រី Elizabeth II បានឡើងគ្រងព្រះសិរីរាជ្យសម្បតិ្តកាលពីព្រះជន្ម២៥ ព្រះវស្សា។ ជារួមព្រះមហាក្សត្រីបានគ្រងព្រះសិរីរាជ្យសម្បត្តិ មានរយៈពេលរហូតដល់ទៅ៧០ឆ្នំា ជាព្រះមហាក្សត្រីដែលសោយរាជ្យបានយូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តមហាក្សត្រនៃចក្រភពអង់គ្លេស ហើយនិងមហាក្សត្រដទៃទៀតនាពេលបច្ចុប្បន្ននៅជុំវិញពិភពលោក។

ចាប់តំាងពីឆ្នំា១៩៥២នោះមក ព្រះមហាក្សត្រី Elizabeth II បានជួបព្រះសវនាការជាមួយនឹងសម្តេចប៉ាបនៃព្រះសាសនារហូតដល់ទៅ៧អង្គ ហើយក៏បានទទួលស្វាគមន៍ចំពោះលោកប្រធានាធិបតីអាមេរិករហូតដល់ទៅ១៤រូបឯណោះ។ មិនតែប៉ុណ្ណោះនៅក្នុងរាជ្យរបស់ទ្រង់បានឆ្លងកាត់នាយករដ្ឋមន្រ្តីអង់គ្លេសរហូតដល់ទៅ១៥រូបឯណោះ៕
ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner