កិច្ចប្រជុំពាក់ព័ន្ធការត្រួតពិនិត្យផែនការសម្អាតបរិស្ថាន នៅក្នុងសហគមន៍ទាំង ៣ សហគមន៍កំពុង់ឃ្លាំង សហគមន៍ចុងឃ្នៀស និងសហគមន៍កំពង់ភ្លុក

សៀមរាប៖ កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រោមយុទ្ធនាការ “កម្ពុជាស្អាត កម្ពុជាបៃតង” បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរទន្លេសាបរៀបចំជាទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍អំពី ការគ្រប់គ្រងសំរាមនៅតំបន់សហគមន៍នានាក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការ Clean and Green សម្រាប់សហគមន៍ចុងឃ្លៀស សហគមន៍កំពង់ឃ្លាំង និងសហគមន៍កំពង់ភ្លុក។

កិច្ចប្រជុំនេះ ធ្វើឡើងដោយមានការចូលពីសំណាក់លោក ចែម រ៉ាណែល អនុប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជម្រុញការប្រឡងប្រណាំង លោក នឹម សុវណ្ណ អភិបាលរងស្រុកប្រាសាទបាគង ខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ភូមិ ឃុំ ជាច្រើននាក់ ស្ថិតនៅសាលាសង្កាត់ចុងឃ្នៀស និងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក នឹម សុវណ្ណ អភិបាលរងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកឡើងថា ក្នុងយុទ្ធនាការកម្ពុជាស្អាតកម្ពុជាបៃតង ដោយគ្មានសម្រាម់ថង់ប្លាស្ទិក ត្រូវបានរៀបចំធ្វើការសម្អាតបរិស្ថានប្រមូលសំរាមប្លាស្ទិកនៅតំបន់សហគមន៍នានាក្នុងខេត្តសៀមរាប ដើម្បីឲ្យក្លាយទៅជាទីក្រុងស្អាតក្នុងថ្ងៃអនាគត។ យើងត្រូវចូលរួមប្រមូលសំរាមប្លាស្ទិកនៅតាមតំបន់សហគមន៍មួយចំនួនដូចជា សម្រាប់សហគមន៍ចុងឃ្លៀស សហគមន៍កំពង់ឃ្លាំង និងសហគមន៍កំពង់ភ្លុក គឺយើងត្រូវធ្វើដោយមានចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាបជាដើម យើងត្រូវបង្កើតគណកម្មការចាត់តាំងយុវជនបង្គោលដើម្បីឲ្យពួកគាត់ជួយកិច្ចការនេះ យុវជនបង្គោលដែលយើងត្រូវបង្កើតនោះ ក្នុងមួយភូមិៗ យ៉ាងហោចណាស់ក៏ចាប់ពី ១០នាក់ឡើងទៅបើអាច។ តាមរយៈក្រុមយុវជនស្ម័គ្រចិត្តនេះ យើងត្រូវពន្យល់ពួកគាត់ឲ្យបានច្បាស់ជាមុនសិន ទើបឲ្យពួកគាត់ចុះទៅអប់រំតាមសហគមន៍នានាឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ហើយឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍ផងដែរ។

លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានបញ្ជាក់ផងដែរថា ដើម្បីបន្តជំរុញភាពស្អាត និងបៃតង និងបន្តគាំទ្រដល់សហគមន៍ទាំង៣ខាងលើនេះ ក្នុងដំណើការរៀបចំផែនការ Clean and Green ឱ្យបានពេញលេញនោះ ក្រុមការងារគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ដែលបានដាក់ថ្នាក់ភូមិ ឃុំ បានអនុវត្តកន្លងមក ដើម្បីត្រួតពិនិត្យលើការរៀបចំផែនការ Clean and Green នៅក្នុងសហគមន៍កំពង់ភ្លុកនោះ យើងបានចុះអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមភូមិនីមួយៗ ឲ្យពួកគាត់ចូលរួមសម្អាតបរិស្ថាន និងប្រមូលសំរាម់វេចខ្ចប់ទុកដាក់ឲ្យបានល្អរៀងៗខ្លួន ឲ្យសាកសមជាកន្លែងតំបន់ទេសចរណ៍ធម្មជាតិ ជាពិសេស គឺក្នុងសហគមន៍កំពង់ភ្លុកយើងតែម្តង។

គួររំលឹកផងដែរថា កិច្ចប្រជុំនៃការតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ Clean and Green របស់សហគមន៍កំពង់ឃ្លាំង សហគមន៍ចុងឃ្លៀស និងសហគមន៍កំពង់ភ្លុក នៅខេត្តសៀមរាបនេះ គឺមានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២២ត្រួវបានបញ្ចប់ ដោយយើងបានចាត់ចែងដាក់ធុងសម្រាម់យ៉ាងហោចណាស់ឲ្យបាន១០ទីតាំង បង្កើតគណកម្មការគ្រប់គ្រងកាកសំណល់ នឹងបង្កើតយុវជនបង្គោលឲ្យបានយ៉ាងតិចបំផុតចាប់ពី១០នាក់ឡើងទៅក្នុងមួយភូមិៗ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋពួកគាត់បានប្រមូលសំរាម់ពីកន្លែងផ្សេងៗ យកទៅដាក់នៅតាមទីតាំងដែលអាជ្ញាធរបានកំណត់ទីតាំងឲ្យនោះ សហគមន៍យើង គឺជាកត្តាដ៏សំខាន់ណាស់ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាឱ្យកាន់តែច្រើនឡើងថែមទៀត៕ ដោយ ស៊ាន សុផាត

ads banner