អភិបាលស្តីទីខេត្តពោធិ៍សាត់ ណែនាំដល់កម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន សូមបន្តធ្វើការល្បាត និងបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ចេង ឡៃ អភិបាលនៃគណៈអភិបាលស្តីទី ខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំអាជ្ញា ធរមូលដ្ឋាន ចុះត្រួតពិនិត្យរដ្ឋបាល លើការងារនេសាទ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ (ព្រំប្រទល់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង) មានការថមថយច្រើន ជាការឆ្លើយតបតាមអនុសាសន៍ និងបទបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរដូវបិទនេសាទ ។

ឯកឧត្តម ចេង ឡៃ អភិបាលនៃគណៈអភិបាលស្តីទីខេត្តខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបញ្ជាក់ថា៖ ប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលជលផល នាថ្ងៃនេះជាលទ្ធផល ពុំបានជួបប្រទះបទល្មើសអ្វីគួរឱ្យកត់សម្គាល់ឡើយ ពោលគឺដោយសារតែប្រជានេសាទ បានជ្រួតជ្រាប ពីការអប់រំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យជលផល ដែលក្រុមការងារបានចុះផ្សព្វផ្សាយជាបន្តបន្ទាប់ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ខាតដល់អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធ ត្រូវរួមគ្នាធ្វើការបង្រ្កាបឱ្យអស់ នូវបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាប។

ឯកឧត្តម ចេង ឡៃ បានបញ្ជាក់បន្ថែមថា មុនបទបញ្ជារបស់សម្តេច ពិតណាស់បទល្មើសនេសាទ មានការកើតឡើងយ៉ាងអនាធិបតេយ្យ ជាក់ស្តែងដូចចាប់ពីចំណុចភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដែលនេះគឺដោយសារតែការខ្វះចន្លោះមួយចំនួន ឬអាចនិយាយបានថា ប្រជាពលរដ្ឋចំណេះដឹងមានកម្រិត សមត្ថកិច្ចមានចំនួនតិច ហើយមធ្យោបាយសម្រាប់ការបង្ក្រាបនោះ មិនសមស្របផងដែរ។

ឯកឧត្តមអភិបាលខេត្តស្តីទី ក៏សូមថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ដែលរួមសហការគ្នា បង្ក្រាបបទល្មើសនេសាទ ដែលកើតមានឡើង ពីច្រើនទៅតិច ពីតិចទៅតិចបំផុត និងពីតិចបំផុតទៅគ្មាន ដើម្បីឱ្យត្រីមានការកើនឡើង ជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋ ដែលនេសាទជាលក្ខណៈគ្រួសារ។

ឯកឧត្តម ក៏បានណែនាំដល់កម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន សូមបន្តធ្វើការល្បាត និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសក្នុងអំឡុងរដូវកាលបិទនេសាទ៕ ចេង ពុំ

ads banner