ឯកឧត្តម ឡូញ វ៉ិត ប្រគល់សំលៀកបំពាក់កីឡាអុំទូកចំនួន ៨០ឈុត ដល់អង្គភាពកងរាជអាវុធហត្ថខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ឡូញ វ៉ិត ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានយុវជនស្រឡាញ់សន្តិភាព អនុសាខាក្រុងពោធិ៍សាត់ បានប្រគល់សំលៀកបំពាក់កីឡាចំនួន ៨០ឈុតដល់លោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់សម្រាប់ឧបត្ថម្ភកីឡាករអុំទូកដែលមានឈ្មោះថា ទំព័ណសុវណ្ណសែនជ័យបារមីតាគ្រី ជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី គួយ សារឿន ស្នងការរងនគរបាលខេត្ត នៅវត្តកែវសុណ្ណ សង្កាត់បន្ទាយដីក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី៧ខែសីហាឆ្នាំ២០២២។
ឯកឧត្តម ឡូញ វ៉ិត បានលើកឡើងថា សំលៀកបំពាក់ចំនួន៨០ឈុត គឺជាការចែករំលែកធនធានផ្ទាល់ខ្លួនសម្រាប់ជួយទៅដល់កីឡាករអុំទូកខ្នាតអន្តជាតិ មានឈ្មោះថា ទំព័ណសុវណ្ណសែនជ័យបារមីតាគ្រី ជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី គួយ សារឿន ស្នងការរងនគរបាលខេត្តនិងលោកស្រីព្រមទាំងបុត្រ ដែលគ្រប់គ្រងដោយអង្គភាពកងរាជអាវុធហត្ថខេត្តសម្រាប់ចូលរួមប្រកួតនាពាក់កណ្តាលខែតុលាឆ្នាំ២០២២ខាងមុខនេះនៅតាមដងស្ទឹងពោធិ៍សាត់មុខសាលាខេត្ត។
ឯកឧត្តម បានថ្លែងទៀតថា ក្នុងនាមពលរដ្ឋម្នាក់ទោះជាធនធាននៅមានកម្រិតក៏ដោយក៏នៅតែយកចិត្តទុកដាក់គិតគូរ ចូលរួមជួយឧបត្ថម្ភដល់ អាជ្ញាធរស្រុក ក្រុង ខេត្តនិងអង្គភាពនានាទៅតាមលទ្ធភាពដូចជាទូកមានឈ្មោះថា តេជះសែនជ័យបារមីក្រុងពោធិ៍សាត់ ដែលគ្រប់គ្រងដោយរដ្ឋបាលសាលាក្រុងនិងទូកឈ្មោះ វត្តហ្លួងតេជះឧកញ៉ាឃ្លាំងមឿងបារមីតេជោ គ្រប់គ្រងដោយមន្ទីរព័ត៌មានខេត្ត មន្ទីរវប្បធម៌ខេត្តនិងមន្ទីរធម្មការនិងសាសនាខេត្តនោះឯកឧត្តមត្រៀមជួយឧបត្ថម្ភសំលៀកបំពាក់ដល់កីឡាករទាំងនោះទៀតដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យអុំទូកខ្នាតអន្តរជាតិដែលរៀបចំឡើងដោយរដ្ឋបាលខេត្តពោធិ៍សាត់នាថ្ងៃ១៦-១៧-១៨ខែតុលាឆ្នាំ២០២២ខាងមុខនេះ។
នៅក្នុងខណៈនោះ ឯកឧត្តម ក៏បានរៀបចំទូកចំនួន៧គ្រឿង អង្ករ២តោននិងស្បៀងអាហារមួយចំនួនទៀតសម្រាប់ត្រៀមបង្ការនៅពេលមានទឹកជំនន់កើតឡើងនៅក្នុងខេត្តផងដែរ។ ឯកឧត្តម ឡូញ វ៉ិត ក្នុងនាមទីប្រឹក្សាផ្ទាល់ របស់ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា តែងតែគោរពប្រតិបត្តិនិងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយផ្តោតសំខាន់អំពីការងារមនុស្សធម៌ជួយនៅក្នុងមូលដ្ឋាន ។
លោកឧត្តមសេនីយត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានសម្តែងនូវអំណរគុណចំពោះឯកឧត្តម ឡូញ វ៉ិត និងលោកជំទាវព្រមទាំងបុត្រដែលមានទឹកចិត្តនិងបានចំណាយធនធានផ្ទាល់ខ្លួនចូលរួមជួយដល់ការងារសង្គមនិងសូមឲ្យសកម្មភាពនេះបន្តទៅទៀត។
ក្នុងនាមគណកម្មការគ្រប់គ្រងដឹកនាំទូក ( ង )ខ្នាតអន្តរជាតិសូមអំពាវនាវ ដល់ព្រះសង្ឃ ឯកឧត្តម លោកឧកញា លោក លោកស្រី អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សប្បុរជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយឧបត្ថម្ភគាំទ្រ ជាថវិកា សម្ភារៈសម្រាប់ផ្គត់ផ្គង់ដល់កីឡាករទូក (ង) ទាំងក្នុងអំឡុងហ្វឹកហាត់សម រហូតដល់ថ្ងៃប្រកួតឲ្យទទួលបានជោគជ័យនិងផ្តល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋទស្សនាកំសាន្តព្រមទាំងបានផ្តាំផ្ញើដល់កីឡាករទាំងអស់ខិតខំហ្វឹកហាត់ឲ្យបានច្បាស់លាស់ត្រឹមត្រូវស្របទៅតាមលក្ខណៈបច្ចេកទេស៕ ចេង ពុំ
