ព្រះអង្គម្ចាស់ Charles III គឺជាអ្នកស្នងមរតក ជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស

ឡុងដ៍៖ ព្រះអង្គម្ចាស់ Charles ព្រះជន្ម៧៣ព្រះវស្សា គឺជាអ្នកឡើងស្នងរាជ្យ ហើយបានក្លាយជាព្រះមហាក្សត្រ Charles ទី៣ ក្រោយព្រះមហាក្សត្រី Elizabeth ទី២ បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា បន្ទាប់ពីបានឡើងសោយរាជ្យអស់រយៈពេល៧០ឆ្នាំ។

ព្រះអង្គម្ចាស់ Charles ទី៣ ដែលជាបុត្រាច្បងរបស់ព្រះមហាក្សត្រី Elizabeth ទី២ បានមានបន្ទូលថា ការសោយទិវង្គតរបស់ព្រះមាតាជាទីស្រឡាញ់របស់ទ្រង់ គឺជាទុក្ខសោកដ៏ធំធេង សម្រាប់ទ្រង់ និងរាជវង្ស ហើយថា នេះគឺការបាត់បង់មិនអាចកាត់ថ្លៃបាន នៅជុំវិញពិភពលោក។

ទង់សហភាពនឹងត្រូវបង្ហូតត្រឹមពាក់កណ្តាលដងនៅលើព្រះរាជដំណាក់ អគាររដ្ឋាភិបាល និងទូទាំងបន្ទាយកងកម្លាំងប្រដាប់អាវុធ ព្រមទាំងនៅលើប៉ុស្តិ៍ចក្រភពអង់គ្លេសនៅក្រៅប្រទេស។ ជាមួយគ្នានេះ នឹងមានការគោះជួងព្រះវិហារ និងការបាញ់កាំភ្លើង ខណៈអង្គការក្នុងស្រុក និងថ្នាក់ជាតិ ព្រមទាំងអង្គការសប្បុរសធម៌នានា ត្រូវរៀបចំវិធីគោរពវិញ្ញាណក្ខន្ធ។

ផ្កា និងទៀនរាប់រយរាប់ពាន់ត្រូវបានប្រជាជនយកទៅដាក់នៅមាត់ច្រកចូល នៃវិមាន Buckingham នៅកណ្តាលទីក្រុងឡុងដ៍ នៅពេលផ្ទាំងប៉ាណូបញ្ចេញពន្លឺភ្លើងបង្ហាញការគោរពដឹងគុណនៅទូទាំងរដ្ឋធានី ជាមួយនឹងព្រះឆាយាល័ក្ខណ៍របស់ទ្រង់។

សូមជម្រាបថា ពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់ព្រះមហាក្សត្រី Elizabeth ទី២ នឹងធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ៕ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner