ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបង្ហាញមុខសញ្ញាចោរលួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន ០៩នាក់ ដែលសមត្ថកិច្ចបានសហការគ្នាចុះប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបាន
កំពង់ឆ្នាំង ៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបង្ហាញមុខសញ្ញាក្រុមចោរ
លួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន ៩នាក់នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២២នេះ បន្ទាប់ពីសមត្ថកិច្ចសហការគ្នាចុះបង្ក្រាប និងចាប់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពនៅក្នុង
ស្រុកចំនួន ៤ក្នុងខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីមានសកម្មភាពចោរលួចចោរឆក់មានស្ថានទម្ងន់ទោសកើតមាននៅក្នុងខែ០៧ និងខែ០៨នៅក្នុងស្រុកចំនួន ០៤ គឺស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស និងស្រុករលាប្អៀរ ។
លោកបានដឹកនាំសមត្ថកិច្ចជំនាញបានសហការជា មួយនគរបាលស្រុក នគរបាលប៉ុស្តិ៍ពាក់ព័ន្ធ និងករណីមួយចំនួនបានសហការជាមួយ សមត្ថកិច្ចនគរបាលខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺផងដែរក្នុងពេលចេញប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលភាគច្រើនធ្វើសកម្មភាពនៅពេលយប់ ដោយប្រើរូបភាពជិះម៉ូតូធ្លាក់ផ្ដួលម៉ូតូជនរងគ្រោះឬឆក់កាបូបជនរងគ្រោះពេលជនរងគ្រោះដួលម៉ូតូពួកវាក៏បានទាញកាំបិតដេញកាប់និងពេលជនរងគ្រោះរត់ចេញហើយនោះពួកវាក៏លួចយកម៉ូតូតែម្តង ។
ជាក់ស្ដែងនៅក្នុងអំឡុង ខែសីហាកន្លងមកថ្មីៗនេះសមត្ថកិច្ចស្រាវជ្រា វចាប់ខ្លួន បានមុខសញ្ញាខាងលើនេះចំនួន០៩នាក់ ។ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន កាំបិត១ ,ពូថៅ ១និងម៉ូតូ០៤គ្រឿង។
លោកឧត្តមសេនីយ៍ត្រីប៉ុលវុទ្ធីបានបញ្ជាក់ឲ្យដឹងទៀតថា ដោយឡែកនៅក្នុងអំឡុងខែកក្កដា កន្លងមកមុខសញ្ញាដែលធ្វើសកម្មភាពដូចខាងលើនេះ និងលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង និងក្នុងស្រុករលាប្អៀរក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបចា ប់ខ្លួនបានចំនួន ០៧នាក់ផងដែរ ដែលជនល្មើសមួយចំនួន នៅក្នុងស្រុកសាមគ្គីមានជ័យ និងមួយចំនួនទៀតមកពីស្រុកពញាឮ ខេត្តកណ្ដាល។
ជនសង្ស័យទាំង ៧នាក់នេះ ក៏ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត និងត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តអស់ហើយ។
លោកស្នងការរង ក៏បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងផលលំបាកមួយ ចំនួន ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ មុខសញ្ញាមួយចំនួនជនរងគ្រោះមិនស្គាល់មុខដោយសារពួកវាធ្វើសកម្មភាពនៅពេលយប់និងពេលខ្លះជនរងគ្រោះ មិនបានរាយការណ៍ជូនសមត្ថកិច្ចនៅកន្លែងកើតហេតុទាន់ពេលវេលា ។
ក្នុងករណីនេះដែរលោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ពេលជួបហេតុការណ៍ដូចខាងលើនេះ ត្រូវរាយការណ៍ជូនសមត្ថកិច្ចឲ្យបានទាន់ពេលវេលា និងពេលទុកដាក់ម៉ូតូត្រូវចាក់សោរក សោរកង់ ឲ្យបានត្រឹម ត្រូវនិងមានការប្រុងប្រយ័ត្នខ្ពស់ ៕ សុខ គឹមសៀន


