សង្គ្រាមអ៊ុយក្រែន អាមេរិក ប្រកាសផ្តល់ជំនួយ យោធាថ្មីចំនួនជិត ២,៧ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្ត
អាមេរិក៖សហរដ្ឋអាមេរិក បានសម្រេចអនុម័តលើកញ្ចប់ជំនួយ យោធាបន្ថែមថ្មីក្នុងតម្លៃរហូតដល់ជិត ២,៧ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន និងប្រទេសអឺរ៉ុបជាច្រើនទៀត។ ជំនួយនេះ រួមបញ្ចូលទាំងអាវុធសរុបតម្លៃ ៦៧៥ដុល្លារ សម្រាប់អ៊ុយក្រែន យកទៅប្រើក្នុងសមរភូមិប្រយុទ្ធទល់នឹងរុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន បានប្រកាស ពីកញ្ចប់ជំនួយយោធាក្នុងទំហំដ៏ធំនេះ នៅឯកិច្ចប្រជុំមួយជាមួយ ប្រទេសសម្ព័ន្ធមិត្ត នៅឯមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេស អាល្លឺម៉ង់។ ជំនួយថ្មីខាងលើរួមមាន កាំភ្លើងធំ គ្រាប់បែក រថយន្ត យោធា រថយន្តសង្គ្រោះបន្ទាន់ និងប្រព័ន្ធប្រឆាំងរថក្រោះ។
បើគិតទាំងជំនួយយោធាថ្មីនេះ អាមេរិកក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន បានផ្តល់ជំនួយសរុបដល់អ៊ុយក្រែនចំនួន ១៥,២ពាន់ លាន ដុល្លារហើយ។
សេតវិមានអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញាថា អាមេរិកបានផ្តល់ជំនួយរយៈពេលវែងចំនួន ពីរពាន់លានដុល្លារ ក្នុងទម្រង់នៃការវិនិយោគ ដើម្បីពង្រឹងសន្តិសុខអ៊ុយក្រែន និងប្រទេស ក្បែរខាងអ៊ុយក្រែនចំនួន ១៨។ ប្រទេសទាំងនោះ មានទាំងសមាជិក និងមិនមែនជាសមាជិកអង្គការអូតង់ ហើយសុទ្ធតែជាប្រទេសដែល មានហានិភ័យខ្ពស់ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងពេលអនាគត។
ក្រសួងការបរទេសអាមេរិក បានប្រាប់សារព័ត៌មាន AP ថា ក្នុង ចំណោម ជំនួយទាំងអស់ មាន ១ពាន់លានដុល្លារនឹងផ្តល់ ទៅ ឲ្យអ៊ុយក្រែន ហើយថវិកាដែលនៅសល់នឹងត្រូវបែងចែក ក្នុង ចំណោមប្រទេស១៨ ផ្សេងទៀតមានជាអាទិ៍ ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អាល់បានី ប៊ុលហ្គារី សាធារណរដ្ឋឆែក អេស្តូនី និងហ្សកហ្ស៊ី។
ទន្ទឹមនេះ ប្រមុខមន្ទីរបញ្ចកោណអាមេរិកបានសង្កត់ធ្ងន់ថា ការគាំទ្រ ផ្នែកយោធារបស់ក្រុមប្រទេសសម្ព័ន្ធមិត្ត ចំពោះអ៊ុយក្រែនកំពុង ទទួលបានផលហើយនៅឯសមរភូមិ ដោយលោកកត់សម្គាល់ ឃើញថា កងកម្លាំងអ៊ុយក្រែន បានចាប់ផ្តើមការវាយលុករបស់ ពួកគេនៅភាគខាងត្បូងនៃប្រទេស។
ទាក់ទងរឿងនេះ គួរជ្រាបថា កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បាននិយាយថា នាពេលថ្មីៗនេះ កងទ័ព អ៊ុយក្រែន បានធ្វើការវាយប្រហារដោយជោគជ័យប្រឆាំង នឹងកង កម្លាំងរុស្ស៊ីដែលគ្រប់គ្រងតំបន់ធំៗជាច្រើនរបស់អ៊ុយក្រែននៅភាគខាងត្បូងនិងខាងកើត។ លោកអះអាងដែរថា អ៊ុយក្រែន បានវាយ ដណ្តើម យកមកវិញនូវទីតាំងភូមិចំនួន ២០ ក្នុងតំបន់ខាកៀវពីការ កាន់កាប់របស់ទាហានរុស្ស៊ី៕
ដោយ៖លី លីយ៉ា
ប្រភពព័ត៌មាន៖
- How Ukraine war: US approves $2.6bn in aid for Ukraine and allies
https://www.bbc.com/news/world-europe-62832881 - Russia-Ukraine updates: Blinken visits Kyiv as US pledges billions in new military aid
https://www.dw.com/en/russia-ukraine-updates-blinken-visits-kyiv-as-us-pledges-billions-in-new-military-aid/a-63052888i
