កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០”

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០”។

បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖
វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា ដោយបានផ្សារភា្ជប់ជាមួយជីវភាព
ប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។ ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច ការវិវត្តនៃបច្ចេកវិទ្យា ក៏ដូចជាបែបផែនជីវិត និងរបៀបរបបរស់នៅក្នុងសង្គម ការផ្ញើសំបុត្រសម្រាប់ទំនាក់ទំនងគ្នាមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដោយជំនួសមកវិញ ការផ្ញើបញ្ញើជាកញ្ចប់ទាំងក្នុងប្រទេស រវាងប្រទេសនិងប្រទេស ត្រូវបានមើលឃើញថាមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័សស្របទៅនឹងការហក់ឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រួនិក។

ទន្ទឹមគ្នានេះដែរ វឌ្ឍនភាពនៃវិស័យផ្សេងៗ ការកើនឡើងនៃការប្រើប្រាស់សេវាអ៊ីនធឺណិត និងបណ្ដាញ សង្គមព្រមទាំងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានបង្កើតកាលានុវត្តភាព សម្រាប់ទីផ្សារសេវាប្រៃសណីយ៍ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។ ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាពនៃការផ្តល់សេវាប្រៃសណីយ៍ នៅពុំទាន់បានគ្របដណ្ដប់ទូលំទូលាយ ការអភិវឌ្ឍរបស់សហគ្រាសប្រៃសណីយ៍កម្ពុជា និងបណ្ដាញប្រៃសណីយ៍នៅមានកម្រិតនៅឡើយ ការធ្វើអាជីវកម្ម លើការផ្តល់សេវាបញ្ញើរបស់ផ្នែកឯកជន ពុំទាន់ត្រូវបានគ្រប់គ្រងឱ្យបានពេញលេញ និងល្អប្រសើរ គួបផ្សំនឹងការខ្វះខាតក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ការធ្វើពិពិធកម្មសេវាយន្តការគ្រប់គ្រង យន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវ នៃចាប់យក បច្ចេកវិទ្យា។

ហេតុដូច្នេះ ការកសាងគោលនយោបាយអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។ គោលនយោបាយនេះមានចក្ខុវិស័យ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជនប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

គោលនយោបាយនេះមាន គោលបំណង ពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

គោលនយោបាយកំណត់គោលដៅ ចំនួន៤គឺ៖ (១)ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ (២)ធ្វើទំនើបកម្មសេវា ប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្ដាញប្រៃសណីយ៍ ឱ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ ប្រជាជន និងប្រើប្រាស់បច្ចេកវិទ្យាឌីជីចល (៣)បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ ដោយជំរុញការប្រកួតប្រជែងដោយសុចរិត
(៤)លើកកម្ពស់តួនាទីរបស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍។

ដើម្បីសម្រេចបានគោលដៅ និងគោលបំណងនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ យុទ្ធសាស្រ្ត សំខាន់ៗចំនួន ៨ត្រូវបានកំណត់គឺ៖ (១)ពង្រឹងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យប្រៃសណីយ៍ (២)បង្កើតយន្តការលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ (៣)លើកកម្ពស់សុវត្ថិភាពការងារ និងចីរភាពបរិស្ថានក្នុងប្រតិបត្តិការអាជីវកម្មប្រៃសណីយ៍ (៤)អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរូបវន្តបណ្ដាញភស្តុភារកម្ម ប្រៃសណីយ៍ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលលើប្រព័ន្ធអេកូឡូហ្ស៊ី ប្រៃសណីយ៍ សេវាកម្ម និងបណ្ដាញប្រៃសណីយ៍ (៥)គ្រប់គ្រងឱ្យបានល្អប្រសើរនូវការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍របស់ផ្នែកឯកជន (៦)ជំរុញការបង្កើនសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជា ក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម (៧)បង្កើតកម្មវិធីកាតព្វកិច្ចសេវាប្រៃសណីយ៍សកល និងចូលរួមគាំទ្រការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល (៨)ជំរុញការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យប្រៃសណីយ៍។ យុទ្ធសាស្រ្តនីមួយៗ គឺមានសកម្មភាពអាទិភាព ដែលជាគម្រោងអនុវត្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។

ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ នឹងដើរតួនាទីសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ដើម្បីអនុវត្តសកម្មភាពអាទិភាពឱ្យសម្រេចបានតាមយុទ្ធសាស្រ្តខាងលើ ក្រោមប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃដោយមានការកំណត់សូចនាករគោលដៅ ដែលអាចវាស់វែងបាន។ ជាមួយនឹងការរំពឹងទុកថាគ្រប់តួអង្គពាក់ព័ន្ធទាំងអស់មានឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តខ្ពស់គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍២០២២-២០៣០ នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាជន និងធ្វើឱ្យវិស័យប្រៃសណីយ៍សម្រេចបាននូវសក្ដានុពលពេញលេញ ជាវិស័យចូលរួមចំណែកគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner