ប្រមុខការទូតអាមេរិកទៅបំពេញទស្សនកិច្ចឥតព្រាងទុកនៅអ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ដែលបានមកបំពេញទស្សនកិច្ចឥតព្រាងទុកនៅទីក្រុងកៀវ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលរដ្ឋបាល លោក ចូ បៃដិន បានបង្កើនជំនួយយោធាបន្ថែមថ្មីរហូតដល់ជាង ២.៨ពាន់លានដុល្លារដល់អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតដែលត្រូវបានគំរាមកំហែងដោយប្រទេសរុស្ស៊ី។

កញ្ចប់ជំនួយថ្មីខាងលើនេះ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកព្យាយាមជំរុញសន្ទុះ ក្នុងការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ហើយចំពេលមានការព្រួយបារម្ភថា ការគាំទ្រពីសាធារណៈជនកំពុងធ្លាក់ចុះ នៅពេលដែលសង្រ្គាមអ៊ុយក្រែនអូសបន្លាយយូរ ។

លោក ប្លីងគែន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកៀវ មុនពេលឡើងឡើងរថភ្លើងទៅកាន់ប្រទេសប៉ូឡូញ បន្ទាប់ពីជួបជាមួយលោក ហ្សេលេនស្គី ថា ខ្ញុំគិតថា វាមានអត្ថន័យជាពិសេសសម្រាប់ការបំពេញទស្សនកិច្ចនៅពេលនេះ ដោយសារអ៊ុយក្រែនកំពុងចាប់ផ្តើមការវាយលុកនៅភាគខាងត្បូង និងនៅភាគខាងកើត។

លោក ហ្សេលេនស្គី បានឆ្លើយតបថា យើងសូមអរគុណចំពោះកាយវិការសម្រាប់ការគាំទ្រដ៏ធំសម្បើមនេះ ដែលអ្នកកំពុងផ្តល់ឱ្យជារៀងរាល់ថ្ងៃ។

លោក ប្លីងគែន បានសង្កត់ធ្ងន់ទៀតថា វាជាថ្ងៃដំបូង ប៉ុន្តែយើងកំពុងឃើញប្រសិទ្ធភាពពិតប្រាកដនៅលើសមរភូមិ ហើយយើងមានមោទនភាពចំពោះការពិតដែលថា ការគាំទ្ររបស់យើង, ការគាំទ្រពីប្រទេសជាច្រើនទៀតកំពុងជួយធ្វើឱ្យអ្វីដែលអ៊ុយក្រែនកំពុងធ្វើ និងប្រយុទ្ធដើម្បីរំដោះទឹកដីពីការដណ្តើមកាន់កាប់របស់រុស្ស៊ី៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner