អង់គ្លេស៖ មហាក្សត្រថ្មីមានព្រះរាជ តម្រិះគិតគូរបរិស្ថានអាកាស ធាតុ

អង់គ្លេស៖ព្រះអង្គម្ចាស់ឆាលស៍ទី៣ (Charles III) គឺជាអ្នកត្រូវបន្ត សោយគ្រងរាជ្យសម្បត្តិពីព្រះមាតាមហាក្សត្រិយ អេលីហ្សាប៊ែត ទី២ ដែលជាទើបនឹងសោយទិវង្គត ។ ព្រះអង្គម្ចាស់ ឆាលស៍ ត្រូវបាន ប្រជានុរាស្ត្រ ទទួលស្គាល់ និងចាត់ទុកថាជាក្សត្រដែលនិយម បរិស្ថាននិងជីវចម្រុះ។ នេះគឺតាមរយៈព្រះរាជសកម្មភាពផ្ទាល់ និងតាមរយៈមូលនិធិរបស់ទ្រង់ (Prince’s Foundation)។

ជាក់ស្តែង តាំងតែពីអំលុងឆ្នាំ១៩៨០ ព្រះអង្គម្ចាស់បានជំរុញ សកម្មភាព ខាងកសិកម្មសរីរាង្គ នៅចម្ការរបស់ព្រះអង្គ នាប៉ែកនិរតី នៃចក្រភពអង់គ្លេស។ នៅចម្ការទំហំផ្ទៃដី ៣៦៥ហិកតា នោះហើយ ដែលទ្រង់ផលិតទំនិញកសិកម្មសរីរាង្គ « Home Farm » សម្រាប់ នាំចេញលក់នៅក្រៅប្រទេសផង នៅរវាងឆ្នាំ១៩៩០។

ក្នុងគម្រោងនេះ ព្រះអង្គស្វិតស្វាញការពារបរិវេណជម្រកសត្វ និងការពារទប់ទល់នឹងភ្លើងឆេះព្រៃ។ ព្រះអង្គម្ចាស់ ឆាលស៍ ក៏បានក្លាយជាព្រះប្រធាននៃមូលនិធិដើម្បីបរិស្ថានប្រចាំអង់គ្លេស គឺអង្គការ WWF (World Wide Fund for Nature)។ អង្គការមួយនេះ មានសាខានៅប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសបើក«សន្និសីទក្រុងប៉ារីសស្តីពីអាកាសធាតុ» ឆ្នាំ២០១៥ ព្រះអង្គស្តេចបានយាងថ្លែងបើកកម្មវិធីទៀតផង។ ប្រាំមួយ ឆ្នាំក្រោយ មក ក្នុងសន្និសីទអាកាសធាតុ COP26 នៅក្រុង Glasgow ព្រះអង្គម្ចាស់ ឆាលស៍ បានសម្តែងព្រះរាជហឫទ័យព្រួយបារម្ភ ជា ពន់ពេក និងអំពាវនាវឲ្យមេដឹកនាំទាំងឡាយនៅលើពិភពលោក រួបរួមគ្នាកាត់បន្ថយការបំភាយបញ្ចេញផ្សែងពុលនិងឧស្ម័នកាបូនទៅក្នុងបរិយាកាស ដែលនាំឲ្យកើនកម្តៅផែនដី និងបង្កគ្រោះ មហន្តរាយ។ ខែវិច្ឆិកាឆ្នាំ២០២១នោះ ព្រះអង្គមានបន្ទូលថា «យើងមិនសល់ពេលច្រើនទេ» [សម្រាប់សង្គ្រោះភពផែនដី ព្រោះតែបញ្ហាប្រែប្រួលអាកាសធាតុ]។

សេចក្តីរាយការណ៍ព័ត៌មានពីបច្ចឹមលោក បញ្ជាក់ថា ព្រះអង្គម្ចាស់ ឆាលស៍ ទ្រង់ពុំសោយសាច់ច្រើនទេ ហើយព្រះរាជរថទីនាំង របស់ ទ្រង់គឺរថយន្តដើរដោយកម្លាំងភ្លើងអគ្គិសនី។ ប៉ុន្មានឆ្នាំចុង ក្រោយនេះ ទ្រង់ជាវឥណទានកាបូនច្រើន។ ឆ្នាំ២០២១ ទ្រង់ជាវ ឥណទាន ចំនួន ៣ ១៣៣តោន។ ឆ្នាំ២០១៩ គឺ ៥ ០៧០តោន។

គួរគូសបង្ហាញថា ឥណទានកាបូន ជាការចូលរួមចំណែក ទិញ ឧស្ម័នជាតិពុល ដែលត្រូវព្រៃឈើស្រូបយកបាន។ ថវិកាបានពីការ លក់ ឥណទានកាបូននេះ គេយកទៅការពារនិងអភរិក្សព្រៃឈើវិញ។

ព្រះអង្គម្ចាស់ ឆាលស៍ ទី៣ មានព្រះជន្ម ៧៣ វស្សា និងព្រះរាជ នាមពេញថា Charles Philip Arthur George Windsor។ ធ្លាប់សិក្សានៅ Trinity College Cambridge ។ទ្រង់គឺជា សមាជិក នៃខ្សែព្រះរាជវង្សដំបូងគេ ដែលទទួលបានសញ្ញាប័ត្រ សកល វិទ្យាល័យ ហើយព្រះអង្គក៏បានរៀនភាសាបារាំងខ្លះផងដែរ៕
ដោយ៖សេរី ឧត្តម

ads banner