សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មអ៊ីរ៉ង់ ជុំវិញការលក់យន្តហោះដ្រូនឱ្យរុស្ស៊ី

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រកាសថា ខ្លួនកំពុងដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនអ៊ីរ៉ង់ចំនួន ៤ ដែលខ្លួននិយាយថា បានជាប់ពាក់ព័ន្ធក្នុងការបញ្ជូនយន្តហោះដ្រូនទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមុន ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមរបស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែន។

ក្រុមហ៊ុនអ៊ីរ៉ង់ដែលជាប់ទណ្ឌកម្មថ្មីនេះ មានដូចជាក្រុមហ៊ុន Safiran Airport Services ដែលផលិតយន្តហោះដ្រូន មានមូលដ្ឋាននៅទីក្រុងតេហេរ៉ង់, ក្រុមហ៊ុន Paravar Pars, ក្រុមហ៊ុនរចនា និងផលិតម៉ាស៊ីនយន្តហោះ ព្រមទាំងក្រុមហ៊ុន Baharestan Kish។

ទណ្ឌកម្មនេះគឺព្យាយាមបង្កកទ្រព្យសកម្មទាំងឡាយណាដែលត្រូវបានកំណត់ថា អាចស្ថិតនៅក្រោមយុត្តាធិការរបស់អាមេរិក និងហាមឃាត់បុគ្គល ឬក្រុមហ៊ុនរបស់អាមេរិក រួមទាំងធនាគារអន្តរជាតិដែលមានប្រតិបត្តិការនៅសហរដ្ឋអាមេរិក កុំឱ្យធ្វើអាជីវកម្មជាមួយពួកគេ ដែលនេះជាវិធានការមួយ ក្នុងគោលបំណងរារាំងពួកគេពីការចូលទៅកាន់បណ្តាញហិរញ្ញវត្ថុសកល។

អនុរដ្ឋលេខាធិការរតនាគារជាតិអាមេរិក ទទួលបន្ទុកកិច្ចការភេរវករ និងចារកម្មហិរញ្ញវត្ថុ លោក ប្រាយអិន ណែលសុន បាននិយាយថា រុស្ស៊ីកំពុងធ្វើការជ្រើសរើសដ៏អស់សង្ឃឹម ដើម្បីបន្តសង្គ្រាមដែលមិនសមហេតុផលរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ជាពិសេសចំពោះមុខទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមករបស់យើង និងការគ្រប់គ្រងការនាំចេញ។

លោក ណែលសុន បន្ថែមថា សហរដ្ឋអាមេរិកប្តេជ្ញាអនុវត្តយ៉ាងតឹងរ៉ឹង នូវទណ្ឌកម្មរបស់យើងប្រឆាំងនឹងរុស្ស៊ី និងអ៊ីរ៉ង់ ហើយចាប់អ៊ីរ៉ង់ និងអ្នកដែលគាំទ្រសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនឱ្យទទួលខុសត្រូវ៕

ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner