ដំណើរ ឆ្ពោះ ទៅគ្រងរាជ្យ របស់ព្រះ អង្គម្ចាស់ឆាលស៍ទី៣ ក្រោយការសោយទិវង្គតរបស់ ក្សត្រិយអេលីហ្សាប៊ែតទី២

អង់គ្លេសៈការសោយទិង្គត របស់ ព្រះ មហាក្សត្រិយានី អេលីហ្សាប៊ែត ទី ២នៅថ្ងៃ ព្រហស្បតិ៍ ទី៨ ខែកញ្ញា នេះគឺជា ព្រឹត្តិការណ៍ដ៏កក្រើកក្តុកក្ដួលសម្រាប់ពិភពលោកទាំង មូលដោយគេឃើញមានការកាន់ទុក្ខនិងការចែករំលែកសារសម្ដែងនូវភាពសោកសៅផ្សេងៗចំពោះការបាត់បង់ព្រះមហាក្សត្រិយអង្គនេះ ។
សម្រាប់ប្រទេសអង់គ្លេសការកាន់ទុក្ខរួមទាំងការទម្លាក់ទង់ជាតិពាក់កណ្ដាលទង់ការ រំលឹកពីការចាំចង និងពិធីសំខាន់ផ្សេងៗទៀតរួមទាំងពិធីប្រារព្ធ បូជាបរមសពសុទ្ធតែនឹងត្រូវធ្វើឡើងទៅតាមពេលវេលានិងពិធីការកំណត់ដែលបានរៀបចំគ្រោងទុកមុន ពេលការសោយទិវង្គតរបស់មហាក្សត្រិយានី ។
ប៉ុន្តែការដ៏សំខាន់មួយនោះគឺថាព្រះអង្គម្ចាស់ហ្វីលីភអរធ័រ ចច (ឆាលស៍ ) ដែលជាបុត្រ ច្បងរបស់ព្រះមហាក្សត្រិយអង្គនេះត្រូវក្លាយជាស្ដេចនៃចក្រភពអង់គ្លេស ស្វ័យ ប្រវត្តិ ភ្លាមៗតាមប្រពៃណីក្សត្រក្នុងនាមជាស្ដេចគ្រងរាជ្យបន្តនិងក្នុងព្រះនាមព្រះបាទឆាលស៍ ទី៣បន្ទាប់ពីព្រះមហាក្សត្រិយចូលទិវង្គត ។
យោងទៅតាមរដ្ឋធម្មនុញ្ញអង់គ្លេសព្រះមហាក្សត្រមានតួនាទីយ៉ាងសំខាន់លើដំណើរការ នយោបាយរបស់ប្រទេសក្នុងនាមជាប្រមុខរដ្ឋបើទោះបីជាមិនអាចបង្កើតឬអនុម័ត ច្បាប់បានក្ដី ។ដូច្នេះក្នុងរយៈពេល២៤ ម៉ោងនៃការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី សមាជិកសភារបស់អង់គ្លេសត្រូវធ្វើសច្ចាប្រណិធានចំពោះព្រះអង្គម្ចាស់ឆាលស៍ដែលជា ព្រះ មហាក្សត្រថ្មី ។ នេះបើតាមពិធីសារដែលបានគ្រោងទុក ។
ក្នុងពេលជាមួយគ្នានេះ ក្រុមប្រឹក្សារៀបចំកម្មពិធី (Accession Council) ត្រូវជួបប្រជុំគ្នា នៅវិមាន St. James’s Palace ក្បែរព្រះបរមរាជវាំងប៊េកឃិងហេមដើម្បី ប្រកាសជាផ្លូវ ការ នូវអធិបតយ្យភាពនៃការគ្រងរាជ្យបន្តរបស់ស្ដេចថ្មី ។ នៅពេលឡើងសោយរាជ្យព្រះ អង្គម្ចាស់ឆាលស៍ ដែលមានព្រះជន្ម៧៣ វស្សានឹងថ្លែងព្រះបន្ទូលជាសាធារណៈបែប ប្រពៃណីចំនួន ៤។

ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសម្ងាត់ (Privy Council) ទ្រង់នឹងមានបន្ទូល ប្រកាសអំពីការគ្រងរាជ្យតាមបែបព្រះអង្គផ្ទាល់ និងបែបនយោបាយ ។ បន្ទាប់មកទៀត ទ្រង់នឹង ធ្វើពិធីផ្លូវតាមច្បាប់អង់គ្លេសផ្សេង ៗ មួយចំនួនមុនពេលធ្វើសច្ចាប្រណិធាន លើកតម្កើងវិហារស្កុតឡេន៍ (Church of Scotland) ហើយប្រកាសពីពេលវេលានៃការ ប្រារព្ធបូជាព្រះបរមសពព្រះមហាក្សត្រិយានី។ ជាចុងក្រោយបង្អស់ព្រះអង្គម្ចាស់ឆាលស៍ នឹងធ្វើសច្ចាប្រណិធានឡើងគ្រងរាជ្យដែលរួមមានទាំងការសន្យាលើកតម្កើងសិទ្ធិនិងអភ័យឯកសិទ្ធិរបស់ព្រះវិហារអង់គ្លេស (Church of England)។

យោងទៅតាមពិធីការដដែល២ថ្ងៃ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី ការប្រកាសរាជ្យរបស់ស្ដេចថ្មី នឹងត្រូវចាប់ផ្ដើមធ្វើឡើងទូទាំងប្រទេស ។ ក្រោយការ ប្រកាសនេះរាល់ពិធី ទាំងអស់នឹង ងាកទៅរកការប្រារព្ធបូជាព្រះបរមសពមហាក្សត្រិយានីវិញដែលនឹង ត្រូវប្រារព្ធឡើងនៅ១០ ថ្ងៃក្រោយការសោយទិវង្គត ។

នាពេលនេះពិធីឡើងគ្រងរាជ្យជាផ្លូវការ របស់ព្រះអង្គម្ចាស់ឆាលស៍ទី៣ មិនទាន់ត្រូវបាន កំណត់ឡើងនៅឡើយទេ ហើយគេរំពឹងថាពិធីនឹងប្រព្រឹត្តទៅក្នុងរយៈពេលយូររាប់ខែ បន្ទាប់ពីការឡើងសោយរាជ្យ ។

សូមបញ្ជាក់ថាកាលពី ៧០ឆ្នាំមុនព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត ទី២ ដែលពេលនោះ មានព្រះជន្ម ២៥ វស្សាបានឡើងសោយរាជ្យក្រោយការសោយ ទិវង្គតរបស់បិតាទ្រង់ព្រះបាទចចទី៦ ហើយឡើងគ្រងរាជ្យជាផ្លូវការ ១៦ ខែក្រោយបន្ទាប់ ៕
ដោយៈ ហួន ឌីណា
ប្រភព៖ Planning for the End of Elizabeth’s Reign Began at the Beginning

ads banner