រដ្ឋាភិបាល អនុម័តសេចក្តីព្រាង គោលនយោបាយ អភិវឌ្ឍន៍ វិស័យ ប្រៃសណីយ៍ កម្ពុជា ២០២២-២០៣០ ដើម្បីដោះស្រាយ បញ្ហាប្រឈមរបស់ ពលរដ្ឋ
ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទាំងស្រុងក្នុងការអនុម័តលើ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ឆ្នាំ២០២២-២០៣០។ នេះបើតាមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រទី ០៩កញ្ញា ឆ្នាំ២០២២ ។ ការសម្រេចនេះ គឺធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន ខណៈដែលតម្រូវការផ្នែកអ៊ីនធ័រនែតកំពុងកើនឡើង ។
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា «ការកសាងគោលនយោបាយអភិវឌ្ឍន៍នៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់ សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ក្នុងការឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច »។
សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ មានគោលដៅចំនួនបួន គឺទី១. ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យ ប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ។ ទី២. ធ្វើទំនើបកម្មសេវា ប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្ដាញប្រៃសណីយ៍ ឱ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ប្រជាជននិងអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីចល ។ ទី៣ .គឺបង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើអាជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ ដោយជំរុញការប្រកួតប្រជែងដោយសុចរិត និងទី៤ .គឺការលើកកម្ពស់តួនាទី របស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍ ។
ទោះយ៉ាងណា រដ្ឋាភិបាលបានទទួលស្គាល់ថា ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះ ស្រាយ។ ក្នុងនោះមានជាអាទិ៍ ការផ្តល់សេវាប្រៃសណីយ៍នៅពុំទាន់បានទូលំទូលាយ ការអភិវឌ្ឍរបស់សហគ្រាសប្រៃសណីយ៍កម្ពុជានិងបណ្ដាញប្រៃសណីយ៍នៅមានកម្រិត ការធ្វើអាជីវកម្មលើការផ្តល់សេវាបញ្ញើរបស់ផ្នែកឯកជន ពុំទាន់គ្រប់គ្រងឱ្យបានពេញលេញ រួមទាំងការខ្វះខាតក្របខណ្ឌគោលនយោបាយ និង យន្តការលើកកម្ពស់គុណភាពសេវា នៅមានសភាពយឺតយ៉ាវ ។
ដូច្នេះដើម្បីឆ្លើយតបនឹងបញ្ហានេះ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ នឹងកំណត់យុទ្ធសាស្រ្តសំខាន់ រួមមាន ការពង្រឹងក្របខណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ការបង្កើតយន្តការលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ការលើកកម្ពស់សុវត្ថិភាពការងារ និងចីរភាពបរិស្ថានក្នុងប្រតិបត្តិការអាជីវកម្មប្រៃសណីយ៍ ការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរូបវន្តបណ្ដាញភស្តុភារកម្មប្រៃសណីយ៍ ការគ្រប់គ្រង ការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍របស់ផ្នែកឯកជនឱ្យបានល្អប្រសើរ ការជំរុញសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជាក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម ការបង្កើតកម្មវិធីកាតព្វកិច្ចសេវាប្រៃសណីយ៍សកល និងចូលរួមគាំទ្រការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល និងការជំរុញការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័័ប្រៃសណីយ៍ ។
តាមរដ្ឋាភិបាល យុទ្ធសាស្រ្តទាំងប្រាំបីនេះ គឺជាអាទិភាពនៃគម្រោងអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ។
គួរជម្រាបថា កិច្ចការអភិវឌ្ឍគោលនយោបាយវិស័យប្រៃសណីយ៍នេះ គឺក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ នឹងដើរតួសហការ សម្របសម្រួល ជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិទាំងអស់ ដើម្បីធានាបានថាគោលនយោបាយ ខាងលើ ត្រូវបានអនុវត្តក្នុងចន្លោះឆ្នាំ ២០២២ ដល់ ២០៣០៕
ដោយៈ សេក ប្រាក់


