ក្រសួងទំនាក់ទំនងរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច ធ្វើសន្និសីទសារព័ត៌មាន ស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក នៅទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ ក្រោមការរៀបចំ និងសម្របសម្រួល របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទំនាក់ទំនងរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច (ទ រ ព អ ) បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផល៥ឆ្នាំ នៅទីស្តីការគណ:រដ្ឋមន្ត្រី និងមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ។

សន្នីសីទសារព័ត៌មាននេះ មានការចូលរួមដោយមន្រ្តីជាន់ខ្ពស់របស់ក្រសួង ចំនួន ៩ រូប ដឹកនាំដោយ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួង និងជាអ្នកនាំពាក្យ ឯកឧត្តម អនុរដ្ឋលេខាធិការចំនួន ៣រូប ឯកឧត្តម ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ចំនួន ៣ រូប នាយកវិទ្យាស្ថានជាតិអធិការកិច្ច១រូប និង នាយកខុទ្ធការល័យ១រូប។

ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាននេះ ឯកឧត្តម ណុប ចាន់ណារិន្ទ មានប្រសាសន៍ឱ្យដឹងថា ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ គឺជាស្ថាប័នមួយដែលចំណុះឱ្យរាជរដ្ឋាភិបាលកម្ពុជា និងធ្វើជាសេនាធិការផ្ទាល់ឲ្យរាជរដ្ឋាភិបាល លើគ្រប់វិស័យទំនាក់ទំនង ជាមួយរដ្ឋសភា – ព្រឹទ្ធសភា និងអធិការកិច្ច ។

ឯកឧត្តមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកជំទាវ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងរយ:ពេល៥ឆ្នាំមកនេះ បើទោះជាយើងជួបប្រទះនូវបញ្ហាសកលដូចគ្នាគឺជំងឺកូវីដ-១៩ ក៏ ក្រសួងនៅតែសម្រេចបាននូវសមិទ្ធផលជាច្រើនដែលឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបំរើឲ្យផលប្រយោជន៍ជាតិ និងប្រជាជន ។

ឯ.ឧ ណុប ចាន់ណារិន្ទ បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់ក្រសួងដោយខ្លីថា ក្រសួងមានបេសកកម្ម លើការងារអធិការកិច្ចគ្រប់វិស័យ ត្រូតពិនិត្យតាមដានការអនុវត្តច្បាប់ ការទប់ស្កាត់ អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានដោយអំណាច ដើម្បីបំរើបុគ្គល និងបក្សពួក គ្រួសារ ការពារសិទ្ទរបស់ពលរដ្ឋ សុវត្តិភាពសារធារណៈ ពោលគឺអភិបាលកិច្ចល្អ ដែលជាស្នូលយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌សង្គម និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បន្ថែមថា បច្ចុប្បន្ននេះក្រសួងមានអគ្គនាយកដ្ឋាន ចំនួន ៣ និងវិទ្យាស្ថានជាតិអធិការកិច្ច១ ដែលជាសសរស្តម្ភ នៅក្នុងយន្តការនៃដំណើរប្រសិទ្ធភាពក្នុងការអនុវត្តការងារ ។

ឯកឧត្តម រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានរំលឹកពីប្រវត្តិសង្ខេបរបស់ក្រសួងថា: ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាប់កកើតឡើងតាំងពី១៩៥៣ ក្នុងសម័យសង្គមរាស្រ្តនិយម ហើយបានបន្តវិវត្តន៍មកដល់បច្ចុប្បន្ន គ្រាន់តែមានឈ្មោះស្ថាប័នខុសៗគ្នា ទៅតាមបរិបទនៃស្ថានភាពនយោបាយ តែមានទិសដៅតែមួយដូចគ្នា ដូចជា នៅឆ្នាំ១០៩៥៩-១៩៦០ មានឈ្មោះថា គណៈកម្មាធិការជាតិ នៃការបោសម្អាតទូទៅ ប្រឆាំងអំពើពុករលួយ ឬអធិការកិច្ច ហើយក៏មានបញ្ចូលទៅក្នុងស្ថាប័នដ៏ទៃៗទៀតរបស់ជាតិ លើកលែងតែក្នុងរបបប៉ុលពត មិនមានវិស័យនេះនោះឡើយ ។

ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ប្រទេសជាតិបានរំដោះ ក៏បានបង្កើតឡើងស្ថាប័ននេះឡើងវិញនៅឆ្នាំ១៩៨១ មានឈ្មោះថា ក្រសួងត្រួតពិនិត្យកិច្ចការដ្ឋ ក្រោយមកនៅឆ្នាំ១៩៨៧មានឈ្មោះថា ក្រសួងត្រួតពិនិត្យ ។ នៅឆ្នាំ១៩៩៩ មានឈ្មោះថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រហូតមកដល់បច្ចុប្បន្ន ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner