មោទនភាពកម្ពុជា ! សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន៥រូប ក្នុងចំណោមសិស្សជាង ១,០០០នាក់មកពីជាង ២០ប្រទេស ទទួលបានមេដាយ និងពានរង្វាន់ជាច្រើនពីការប្រកួត World Scholar’s Cup (WSC) វគ្គ Global Round នៅថៃ

ភ្នំពេញ៖ សិស្សកម្ពុជាចំនួន៥រូប ទទួលបានជោគជ័យ និងនាំយកមកនូវមេដាយជាច្រើនគ្រឿង និងពានរង្វាន់ពីការប្រកួតពានរង្វាន់ពិភពលោក World Scholar’s Cup (WSC) វគ្គ Global Round ក្នុងចំណោមសិស្សជាង១,០០០នាក់ មកពីប្រទេសជាង២០ ពីថ្ងៃទី០២ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ហើយឈានចូលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

កម្មវិធី World Scholar’s Cup គឺជាកម្មវិធីប្រកួតចំណេះដឹងកម្រិតពិភពលោកប្រចាំឆ្នាំ ដែលមានការចូលរួមពីសិស្សប្រមាណ ១៥,០០០នាក់ មកពី៦៥ប្រទេស និងដែលមានគោលបំណងជំរុញទឹកចិត្តសិស្សានុសិស្សពីគ្រប់មជ្ឍដ្ឋាន ដើម្បីស្វែងរកសក្ដានុពលផ្ទាល់ខ្លួនរបស់ពួកគេ និងកសាងអ្នកដឹកនាំសម្រាប់ជោគវាសនារួមគ្នា នៃសហគមន៍នាថ្ងៃអនាគត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ថា សិស្សឆ្នើមទាំង៥នាក់នោះ គឺជាសិស្សចេញពីសាលារបស់ខ្លួន។ ពួកគេក៏ត្រូវបានជ្រើសរើសឲ្យត្រៀមខ្លួន ដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្ដើមពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០២២ ដែលត្រូវប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យយ៉េលដ៏ល្បី (Yale University) នៃសហរដ្ឋអាមេរិក នៅរវាងថ្ងៃទី១១ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

យុវសិស្សឆ្នើមជ័យលាភីទាំង០៥ រូបគឺ៖
*ទី១៖ យុវសិស្ស ធន់ សុគន្ធភ្លីនដឺ ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ១ ផ្នែកការតស៊ូមតិជាក្រុម មេដាយចំនួន ១៣ គ្រឿង និងត្រូវបន្តទៅវគ្គផ្ដាច់ព្រ័ត្រ នៅសហរដ្ឋអាមេរិក
*ទី២៖ យុវសិស្ស ឌៀវសុរិន្ទរ៍ ណាត់និឆា ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ១ ផ្នែកការតស៊ូមតិជាក្រុម មេដាយចំនួន ៧គ្រឿង និងត្រូវបន្តទៅវគ្គផ្ដាច់ព្រ័ត្រ នៅសហរដ្ឋអាមេរិក
*ទី៣៖ យុវសិស្ស ជួរ គឹមលី ទទួលបានមេដាយចំនួន ០៧គ្រឿង និងត្រូវបន្តទៅវគ្គផ្ដាច់ព្រ័ត្រ នៅសហរដ្ឋអាមេរិក
*ទី៤៖ យុវសិស្ស ទីវ សុភ័ក្ត្រនីកា ទទួលបានមេដាយចំនួន ០៦គ្រឿង និងត្រូវបន្តទៅវគ្គផ្ដាច់ព្រ័ត្រផ្ដាច់ព្រ័ត្រ នៅសហរដ្ឋអាមេរិក
*ទី៥៖ យុវសិស្ស ឡុង ស៊ីងហួ ទទួលបានមេដាយចំនួន ០៦គ្រឿង និងត្រូវបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា លទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់ដែលទទួលបាននៅថ្ងៃនេះ គឺឆ្លុះបញ្ចាំងពីភាពជាដៃគូដែលមិនអាចខ្វះបានរវាងសាលា និងមាតាបិតា ឬអ្នកអាណាព្យាបាល ហើយគឺជារង្វាស់នៃគុណភាពអប់រំនៅសាលាអន្តរជាតិ CIA First International School ដូចមានចែងក្នុងទស្សនៈវិស័យរបស់សាលាតាំងពីដើមរៀងមក គឺផ្តល់បរិយាកាសនៃការបង្រៀន ដែលលើកកំពស់ដល់ការអប់រំកម្រិតខ្ពស់ជាលក្ខណៈអន្តរជាតិទាំងខ្មែរ និងអង់គ្លេស។

តាមរយៈការសិក្សាប្រកបដោយគុណភាពអប់រំខ្ពស់ និងមានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្អូនៗទាំង ០៥រូប សាលា សង្ឃឹមយ៉ាងមុតមាំថាប្អូនៗ នឹងទទួលបានភាពជោគជ័យក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោកនៅសហរដ្ឋអាមេរិក ដើម្បីនាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍សាលា និងជាតិមាតុភូមិនៃយើង៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner