ដើមក្ងោកជាង ១០០ដើមត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំសិស្សវិទ្យាល័យព្រះបាទសុរាម្រិត និងគូស្រករថ្មី យកទៅដាំលម្អតាមដងផ្លូវក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ដើមក្ងោកចំនួន ១០០ដើម ត្រូវបានលោកជំទាវ
ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំសិស្សវិទ្យាល័យព្រះបាទសុរាម្រិត និងគូស្រករថ្មី យកទៅដាំលម្អតាមដងផ្លូវក្នុងក្រុងកំពង់ឆ្នាំង នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ក្នុងឱកាសនោះផងដែរលោកជំទាវ
ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដើមឈើជាដង្ហើមសម្រាប់សភាវៈមានជីវិត ចំណែកឯការដាំដើមឈើនៅពេលនេះ គឺដើម្បីបរិស្ថាន និងដើម្បីលម្អទីក្រុងឲ្យមានសោភណ្ឌភាព ទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកលេងកម្សាន្តក្នុងក្រុងកំពង់ឆ្នាំង និងឆ្ពោះទៅគយគន់មើលទេសភាពភ្នំកង្រីស្ថិតក្នុងស្រុកកំពង់លែង ហើយនៅពេលគេត្រឡប់ទៅវិញ គេនឹងកោតសរសើរពីសម្រស់ សោភ័ណភាព នៃក្រុងកំពង់ឆ្នាំងយើងផងដែរ។
ដូចដែលយើងទាំងអស់គ្នាដឹងស្រាប់ ហើយថា មនុស្សនិងធម្មជាតិមិនអាចកាត់ផ្ដាច់គ្នាបានទេ បើយើងស្រមៃទៅ
អនាគត ពេលដែលដើមក្ងោកមានផ្កា តើក្រុងកំពង់ឆ្នាំងយើងស្រស់ស្អាតប៉ុណ្ណា ដែលយើងគ្រប់គ្នា បានចូលរួមដាំលម្អតាមផ្លូវទីសាធារណៈនៅពេលនេះ ។
លោកជំទាវ អភិបាលរងខេត្ត កំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា ក្រៅពីដើមក្ងោកកន្លងមកយើងបានដាំដើមត្របែកព្រៃ ដើមផ្កាលឿងរាជ និងដើមជើងគោផងដែរ ដើម្បីលម្អទីក្រុងរបស់យើង ឱ្យកាន់តែមានសោភ័ណភាព ។
លោកជំទាវក៏បានថ្លែងអំណរគុណដល់គូស្រករថ្មោងថ្មី ដែលបានមកចូលរួមដាំកូនឈើសម្រាប់លម្អទីក្រុង នៅពេលនេះ និងសូមផ្ដាំផ្ញើដល់សិក្សានុសិស្ស សូមខិតខំរៀនសូត្រ យកចំណេះដឹង ដើម្បីអនាគត រុងរឿង និងសូមប្អូនៗទាំងអស់ គោរពមាតាបិតា ដែលជាអាណាព្យាបាល និងសូមគោរពលោកគ្រូអ្នកគ្រូដែលជាមាតា បិតាទី ២ របស់យើង ហើយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនិងសូមចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ សុខ គឹមសៀន







