អគ្គនាយក IAEA ថា ស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា មិនស្ថិតស្ថេរទេ
កៀវ៖ មន្រ្តីអធិការកិច្ចនៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបកំពុងព្រមានអំពីមហន្តរាយដែលអាចកើតមាន ដោយពួកគេបាននិយាយថា ការកាត់ផ្តាច់ថាមពល និងការវាយប្រហារដោយយោធានៅបរិវេណរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា ក្នុងប្រទេសអ៊ុយក្រែន កំពុងបង្កើតនូវស្ថានភាព “មិនស្ថិតស្ថេរ”។
អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយតាមប្រព័ន្ធវីដេអូអំពីស្ថានភាពនៅរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា ក្នុងថ្ងៃសុក្រសប្តាហ៍នេះថា រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបនេះ មិនអាចក្លាយជាកូនអុកនៃសង្រ្គាមបានទេ។ ជោគវាសនារបស់វា (រោងចក្រ) មិនត្រូវសម្រេចដោយមធ្យោបាយយោធាទេ។
ផលវិបាកនៃសកម្មភាពបែបនេះគឺធ្ងន់ធ្ងរខ្លាំងណាស់។ ជាមួយគ្នានេះ លោក Grossi បានជំរុញឱ្យបញ្ចប់ជាបន្ទាន់ចំពោះការបាញ់ផ្លោងទាំងអស់នៅក្នុងតំបន់ទាំងមូល ហើយលោកថែមទាំងបានអំពាវនាវជាថ្មីម្តងទៀត ឲ្យបង្កើតតំបន់សុវត្ថិភាពនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្តាហ៍នេះ រោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា ត្រូវបានកាត់ផ្តាច់ពីបណ្តាញអគ្គិសនី។
អ្នកបច្ចេកទេសបានពឹងផ្អែកលើម៉ាស៊ីនរ៉េអាក់ទ័រសកម្មតែមួយប៉ុណ្ណោះ ដើម្បីរក្សាប្រព័ន្ធសុវត្ថិភាពដំណើរការ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេកំពុងពិចារណាលើផែនការបិទម៉ាស៊ីនរ៉េអាក់ទ័រ ដើម្បីឱ្យរោងចក្រនេះដំណើរការលើម៉ាស៊ីនម៉ាស៊ូតវិញ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា



