កូរ៉េខាងជើងប្តេជ្ញាមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរដែលខ្លួនត្រូវការ ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិកនោះឡើយ
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរដែលខ្លួនត្រូវការ ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិកនោះឡើយ។
លោក គីម បានធ្វើការអត្ថាធិប្បាយបែបនេះក្នុងអំឡុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍នៅឯសភារបស់ប្រទេសកូរ៉េខាងជើង ជាទីដែលសមាជិកបានអនុម័តច្បាប់គ្រប់គ្រងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលលោក គីម បានពិពណ៌នាថា ជាជំហានមួយដើម្បីពង្រឹងស្ថានភាពនុយក្លេអ៊ែររបស់ប្រទេស ហើយបញ្ជាក់យ៉ាងច្បាស់ថា អាវុធបែបនេះនឹងមិនមានការចរចាឡើយ។
ទន្ទឹមគ្នា លោក គីម បានធ្វើការគំរាមកំហែងកាន់តែខ្លាំងឡើង នៃជម្លោះនុយក្លេអ៊ែរចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ី ហើយថែមទាំងព្រមានថា កូរ៉េខាងជើងនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងសកម្ម នៅពេលមានការគំរាមកំហែង។
លោក គីម បាននិយាយយ៉ាងដូច្នេះថា គោលបំណងរបស់សហរដ្ឋអាមេរិកគឺមិនត្រឹមតែដើម្បីដកកម្លាំងនុយក្លេអ៊ែររបស់យើងដោយខ្លួនឯងនោះទេ ប៉ុន្តែនៅទីបំផុតបង្ខំយើងឱ្យចុះចាញ់ ឬបោះបង់សិទ្ធិរបស់យើងក្នុងការការពារខ្លួន តាមរយៈការបោះបង់អាវុធនុយក្លេអ៊ែររបស់យើង ដើម្បីពួកគេអាចផ្តួលរលំរដ្ឋាភិបាលរបស់យើងគ្រប់ពេលវេលា។
លោក គីម បានសង្កត់ធ្ងន់ទៀតថា យើងអនុញ្ញាតឱ្យពួកគេដាក់ទណ្ឌកម្មយើងរយៈពេល ១០០ថ្ងៃ ១,០០០ថ្ងៃ ១០ឆ្នាំ ឬ ១០០ឆ្នាំ ប៉ុន្តែយើងនឹងមិនបោះបង់សិទ្ធិរបស់យើងក្នុងការការពារខ្លួន រក្សាស្ថិរស្ថេររបស់ប្រទេសយើង និងសុវត្ថិភាពរបស់ប្រជាជនយើង ដើម្បីបន្ធូរបន្ថយជាបណ្តោះអាសន្ន នូវការលំបាកដែលយើងកំពុងជួបប្រទះនៅពេលនេះ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា




