យូធូប ដាក់ឲ្យដំណើរការមុខងារ «គ្មានការផ្សាយពាណិជ្ជកម្ម» សម្រាប់វិស័យអប់រំ
អន្តរជាតិ៖យូធូប(YouTube) ដែលជាបណ្តាញសង្គម សម្រាប់វីដេអូ ដ៏ធំ បាន ដាក់ចេញនូវមុខងារពិសេសថ្មីមួយចំនួនសម្រាប់អ្នក បង្កើត មាតិកាទាក់ទងនឹងការអប់រំ ដែលក្នុងនោះក៏មានមុខងារ «គ្មានពាណិជ្ជកម្ម» ដែរ។ នេះបើតាមសេចក្តីប្រកាសចេញផ្សាយ កាលពីថ្ងៃទី៨ ខែ កញ្ញា។ មុខងារថ្មីនេះឈ្មោះថា YouTube Player for Education។
មុខងារថ្មីនេះ នឹងអនុញ្ញាតឲ្យកម្មវិធីទូរស័ព្ទស្ថិតក្នុងប្រភេទអប់រំ អាចដាក់បញ្ចូលវីដេអូ YouTube ដោយមិនមានពាណិជ្ជកម្ម តំណភ្ជាប់ផ្សេងៗ និងមិនមានការបង្ហាញនូវវីដេអូបន្ទាប់ទៀត។ មុខងារបង្ហាញវីដេអូបន្ទាប់ (Recommendation Algorithm) បានក្លាយជាមុខងារមួយ ដែលរងការរិះគន់ខ្លាំងពីសាធារណជន។ អ្នករិះគន់ចាត់ទុកថាមុខងារនេះថា ត្រូវបានប្រើក្នុងផ្លូវមិនល្អ ឬការផ្សាយព័ត៌មានខុសជាដើម។
បើតាមសេចក្តីប្រកាសដដែល YouTube នឹងជ្រើសរើស ដៃគូមួយចំនួន សម្រាប់ដាក់ឲ្យប្រើប្រាស់មុខងារថ្មីនេះ។ ដៃគូទាំងនោះភាគច្រើនជាក្រុមហ៊ុនក្នុងវិស័យអប់រំ ដែលរួមមាន៖ ក្រុមហ៊ុន EDpuzzle, Google Classroom, Purdue University និង Purdue Global ជាដើម។
YouTube ក៏បានប្រកាសពីមុខងារថ្មីសម្រាប់អ្នកបង្កើតមាតិកា អប់រំនៅលើវេទិការបស់ខ្លួន ដែលរួមមានមុខងារសម្រាប់គិត ប្រាក់ ពីអ្នកទស្សនាវីដេអូអប់រំ។ ចាប់ពីឆ្នាំក្រោយទៅ អ្នកបង្កើតមាតិកា មួយចំនួននឹងអាចបង្កើតវគ្គសិក្សា ហើយអាចកំណត់ឲ្យអ្នកមើល ត្រូវបង់ប្រាក់ ឬមិនបង់ប្រាក់បាន។
ប្រសិនបើអ្នកទស្សនាទិញវគ្គសិក្សាណាមួយ នោះពួកគេនឹងអាច មើល មាតិកាដោយគ្មានពាណិជ្ជកម្ម។ យ៉ាងណាក៏ដោយ មុខ ខាងលើនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងដំណាក់កាលសាកល្បង នៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មុននឹងពង្រីកទៅកាន់តំបន់ ផ្សេងៗទៀត។
បន្ថែមពីលើនេះ YouTube ក៏បានប្រកាសអំពីមុខងារសំនួរចម្លើយ ដែលអ្នកបង្កើតមាតិកាអាចសួរទៅអ្នកចូលមើលវីដេអូរបស់ខ្លួនបាន។ ក្រុមហ៊ុននឹងដាក់ឲ្យប្រើប្រាស់សាកល្បងនូវមុខងារនេះ នាចុងឆ្នាំ ខណៈអ្នកបង្កើតមាតិកាអាចប្រើប្រាស់មុខងារនេះនៅឆ្នាំក្រោយ។
YouTube បានដាក់ចេញនូវគំនិតផ្តួចផ្តើម និងមុខងារផ្សេង ទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការសិក្សា ឬមាតិកាអប់រំនៅលើវេទិកា របស់ខ្លួន។ ក្នុងនោះ YouTube ក៏បានដាក់ចេញនូវមូលនិធិ ជាង ២០លានដុល្លារ សម្រាប់អ្នកបង្កើតវីដេអូអប់រំ៕
ដោយ៖យ៉ាន អាន