ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូប គឺជាវីរៈបុរសជួរមុខ ដែលបានរួមគ្នាដើម្បីបុព្វហេតុឧដុង្គឧត្តមសម្រាប់ជាតិ និងប្រជាជន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូប គឺជាវីរៈបុរសជួរមុខ ដែលបានដាក់ប្រយោជន៍បុគ្គលដោយឡែក មករួបរួមគ្នាដើម្បីបុព្វហេតុឧដុង្គឧត្តមសម្រាប់ប្រជាជន និងសង្គមជាតិ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បែបនេះ ទៅកាន់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២២។
ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តមប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានប្រឹងប្រែង លះបង់ពេលវេលា និងប្តេជ្ញាទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ច ស្របតាមបេសកម្មរបស់ខ្លួន ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ។
ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា បើទោះបីជាសមាជិក សមាជិកា មានការងារគោលផ្សេងៗគ្នា និងមមាញឹកយ៉ាងណាក្តី ក្រុមការងារបានដាក់ការងារខ្លួនដោយឡែក ហើយមករួបរួមគ្នាដើម្បីចូលរួមការងារស័្មគ្រចិត្តក្នុងការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩៕ ដោយ វណ្ណលុក








