ការបង្កើតលេខាធិការស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នៅកម្ពុជា អាចនឹងលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន
ភ្នំពេញ៖អ្នកជំនួញ និងអ្នកសេដ្ឋកិច្ច មានសុទិដ្ឋិនិយមថា ការជំរុញឲ្យ បង្កើតអគ្គលេខាធិការដ្ឋានស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅកម្ពុជា ទំនងនឹងអាចលើកឡើង ក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែល នឹងចាប់ផ្ដើមនៅថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងសៀមរាប។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យជា យោបល់ទៀតថា កម្ពុជាគួរប្រើឱកាសនេះបន្ថែមទៀត ក្នុងការ ជំរុញ ឲ្យលេចចេញវត្តមានការិយាល័យ RCEP ខណៈកម្ពុជា ទទួលរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ពេញមួយសប្ដាហ៍ ដោយមានការចូលរួមពីប្រទេសសេដ្ឋកិច្ចនាំមុខ និងប្រទេសដៃគូ (RCEP) នេះតែម្ដង។
លោកថ្លែងថា «នេះជាឱកាសល្អក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំនេះ នឹងអាចសម្របសម្រួលដោះស្រាយបញ្ហាជាច្រើន ដែលប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកំពុងតែកើតមាននៅក្នុងតំបន់ និង សកល។មួយវិញទៀតខ្ញុំជឿថា នឹងមានការជំរុញពិភាក្សាគិតគូរ លើការបង្កើតការិយាល័យអគ្គលេខាធិការដ្ឋាន (RCEP) នៅកម្ពជា បន្ទាប់ពីមានការស្នើសុំពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
កាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយឯឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើរដ្ឋាភិបាលចិន ឱ្យគាំទ្រគំនិតផ្តួចផ្តើមបង្កើតលេខាធិការដ្ឋាននៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅរាជធានីភ្នំពេញ ព្រោះចិនជាសមាជិកមួយនៅក្នុង កិច្ចព្រមព្រៀង នេះដែរ។
ឧកញ៉ា លឹម ហេង បន្តថា ដើម្បីអនុវត្តកិច្ចព្រមព្រៀង RCEP ឲ្យមានភាពរលូន ចាំបាច់បំផុតត្រូវមានវត្តមានអគ្គលេខាធិការដ្ឋាន RCEP ដាច់ដោយឡែកមួយ ដើម្បីសម្របសម្រួលការអនុវត្តកិច្ច ព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព។ លោកថា «វត្តមាន អគ្គលេខាធិការដ្ឋាន RCEPមិនខុសពីយើងមានអគ្គលេខាធិការ អាស៊ាននោះទេ ហើយកម្ពុជាក៏ទទួលបានប្រយោជន៍សេដ្ឋកិច្ច ដោយឡែកពីអគ្គលេខាធិការ RCEP ក្នុងការបង្ហាញពីសក្ដានុពល សេដ្ឋកិច្ច។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមាន ទ្រង់ទ្រាយធំបំផុតលើពិភពលោក ដោយមានប្រជាជនសរុបប្រមាណ ២,២៧០លាននាក់ ទំហំសេដ្ឋកិច្ចសរុប ២៦ទ្រីលានដុល្លារអាមេរិក ទំហំនាំចេញសរុប ៥.២ទ្រីលានដុល្លារអាមេរិក ត្រូវជា ៣០ភាគរយ នៃទំហំសរុបលើពិភពលោក។
គួរជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងផ្តល់កិត្តិយសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅថ្ងៃទី១៤ និង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។
លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាថ្លែងថា ក្នុង នាមជា ប្រធានអាស៊ាន កម្ពុជាលើកយកប្រធានបទនេះមក ជជែក ជារឿង ល្អមែនទែន ដែលឆ្លើយតបនឹងបរិបទជាក់ស្ដែង។ លោកថា «ជាក់ស្ដែងប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ កំពុងប្រញាប់ ប្រញាល់រៀបចំសេដ្ឋកិច្ចរបស់ប្រទេសខ្លួនស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច បន្ទាប់ពីរងគ្រោះដោយសារកូវីដ១៩ អំឡុងឆ្នាំ២០២០ និងឆ្នាំ ២០២១ ដែលថយចុះប្រាក់ចំណូលជាតិ និងកើនឡើង យ៉ាងគំហុក នៃប្រាក់ចំណាយ។ តួយ៉ាង កម្ពុជាបានចំណាយថវិកាជិត បីពាន់លាន ដុល្លារលើការគ្រប់គ្រង់កូវីដ១៩ រួមទាំងការទិញវ៉ាក់សាំង»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងពាណិជ្ជកម្ម គូស បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ ដៃគូនានារបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង បន្ថែម ទៀត ក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងពន្លឿន ការស្តារសេដ្ឋកិច្ចឡើងវិញជម្នះរាល់បញ្ហាដែលអាស៊ានកំពុងប្រឈម។
រយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា កិច្ចប្រជុំជាច្រើនត្រូវបានរៀបចំឡើង។ ជាក់ស្ដែង កិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ច កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និង កិច្ចប្រជុំពិគ្រោះ យោបល់ដទៃ ទៀត រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិង ដៃគូសន្ទនា អាស៊ាន។
កិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដៃគូ សន្ទនាអាស៊ាន រួមជាអាទិ៍៖ កិច្ចប្រជុំពិគ្រោះ យោបល់រដ្ឋមន្ត្រី សេដ្ឋកិច្ច អាស៊ាននិងសហព័ន្ធរុស្ស៊ី រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិង ប្រទេសចិន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា (រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាន បូកនឹង ៨ ប្រទេស) រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និង ប្រទេស ជប៉ុន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងចក្រភពអង់គ្លេស រដ្ឋមន្ត្រី សេដ្ឋកិច្ច អាស៊ាននិងសហរដ្ឋអាមេរិក ព្រមទាំងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិង សហភាពអឺរ៉ុប, និងកិច្ចប្រជុំរដ្ឋមន្ត្រី អាសិប (RCEP)៕ដោយ៖អេង រាជនី
រូប៖ឧកញ៉ា លឹម ហេង (រូបថតហ្វេសប៊ុក ឧកញ៉ា លឹម ហេង)