ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្ដេជ្ញាបន្តរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌ ពិសេសបន្តផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ៖ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសប្ដេជ្ញាចិត្តចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ជាពិសេស បន្តផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានផ្សេងៗ ដោយឥតគិតថ្លៃ ។ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នេះក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានការចូលរួមពីសមាជិក សមាជិកា គ្រូពេទ្យស័្មគ្រចិត្តដែលអញ្ជើញមកពីបណ្តារាជធានី-ខេត្តទាំង២៥ សរុបប្រមាណ ២៣០០ នាក់។

ឯកឧត្តម លេង ផាលី បានឱ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ។ ប្រមូលផ្ដុំ អប់រំ និងអូសទាញយុវជនឱ្យងាកមកគាំទ្រនូវសកម្មភាពល្អៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសកម្មភាពការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ។ ក្ដាប់ជាប់ និងវាយបករាល់សកម្មភាពបំភ្លៃដែលខុសពីការពិត។ បង្ហាញឲ្យមហាជនមើលឃើញកាន់តែច្បាស់ថា គោលជំហររបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី មិនដែលទុកប្រជាពលរដ្ឋឲ្យហែលឆ្លងការលំបាក ឬមហន្តរាយទាំងឡាយតែឯងឡើយ គឺស្របនឹងគោលការណ៍ដែលបងប្រធាន បានបង្កើតឡើង «យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា» ។ ចូលរួមបំផុសចលនាក្នុងជួរយុវជន និងប្រមូលផ្តុំកម្លាំង ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃសំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម លេង ផាលី បានបន្តថា ក្នុងបរិបទដែលជំងឺកូវីដ-១៩ មានការឆ្លងរាតត្បាតនៅប្រទេសកម្ពុជា ក៏ដូចនៅលើសកលលោកនោះ ហើយវ៉ាក់សាំងជាកត្តាកំណត់ចាំបាច់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ក្រោមការដឹកនាំចង្ហុលបង្ហាញពី ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានគណៈគម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជ្រើសរើសឲ្យចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយចេញលិខិតឧទ្ទេសនាមឲ្យបំពេញបេសកកម្មជាបន្តបន្ទាប់ ហើយជាការឆ្លើយតប ក្រុមការងារ បានបញ្ជូនបញ្ជីឈ្មោះគ្រូពេទ្យសរុបចំនួន ១២៥៨នាក់ បែងចែកជា ១០៤ ក្រុម ស្មើនឹង ១០៤០ នាក់ ក្រុមចល័ត ១៥៧ នាក់ ជំនួយការសម្របសម្រួល ៥៣ នាក់ និងថ្នាក់ដឹកនាំសម្របសម្រួលចំនួន ១៨ នាក់ ឱ្យចុះបំពេញបេសកកម្មជាបន្តបន្ទាប់ ដោយមានកិច្ចសហការពីផ្នែកពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេស បច្ចុប្បន្ននេះក្រុមការងារ ចំនួន ៣៣៤២ នាក់បន្ថែមទៀត កំពុងចូលរួមយុទ្ធនាការចាក់វ៉ាកសាំងកូវីដ-១៩ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មក្នុង ២៥ រាជធានី ខេត្ត ។ចាប់ពីខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មក្នុងក្របខណ្ឌទូទាំងប្រទេស ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ៩លាន ៦០ម៉ឺន៤ពាន់៤២៦ដូស ។

ឯកឧត្តម លេង ផាលី បានរម្លឹកថា ក្នុងរយៈពេលជាង ១០ឆ្នាំ ពីថ្ងៃទី០២ ធ្នូ ឆ្នាំ២០១២ ដល់ ៣១ សីហា ឆ្នាំ២០២២ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ៩,៥៤៩នាក់ ក្នុងនោះស្ត្រីចំនួន ៤,៨៩៩ នាក់ បានបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥ រាជធានី- ខេត្ត បានចំនួន ៧០២លើក ដែលមានចំនួន ១៦លាន៨៤ម៉ឺន៣,៣៣៣ នាក់ ។

ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី រូបនេះ បានបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ នឹងខិតខំព្យាយាមបន្តផ្តល់សេវាសុខភាពជារៀងរាល់ខែជូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានផ្សេងៗ និងនៅតាមតំបន់ដាច់ស្រយាល តាមខ្នងផ្ទះ ឱ្យកាន់តែប្រសើរឡើង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner