អាជ្ញាធរត្រៀមបើកការស៊ើបអង្កេតករណីលោក ខឹម វាសនា ប្រមូលលុយបានលើស១០ម៉ឺនដុល្លារ បើមានបណ្តឹងពីពលរដ្ឋ

ភ្នំពេញ៖អាជ្ញាធរសមត្ថកិច្ចខេត្តសៀមរាប បានបង្ហើបប្រាប់សារព័ត៌មាន CPA នៅថ្ងៃសៅរ៍ទី១០ ខែកញ្ញាឆ្នាំ២០២២នេះថា សមត្ថកិច្ចកំពុងតាមដាម និងត្រៀមបើកការស៊ើបអង្កេតករណីប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា អំពី ករណី ប្រមូលលុយពីប្រជាពលរដ្ឋ។ ការអះអាងនេះ គឺក្រោយពេល អាជ្ញាធរប្រមូលបានព័ត៌មានជាបន្តបន្ទាប់ថា លោក ខឹម វាសនា ប្រមុខបក្ស គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ប្រមូលលុយពីសកម្មភាពជួបជុំ បានលើសពី១០ម៉ឺនដុល្លារអាមេរិក។

ជាការសន្និដ្ឋានជំហានរបស់ដំបូង អាជ្ញាធរខេត្តសៀមរាបលើកឡើងថា សកម្មភាពប្រមូលផ្តុំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជា សកម្មភាពបោកប្រាស់ដើម្បីប្រមូលលុយពីប្រជាពលរដ្ឋ។

ការសន្និដ្ឋាន គឺដោយសំអាងហេតុ ថា ការឃោសនារបស់លោក ខឹម វាសនា ពីគ្រោះទឹកជំនន់ជារឿងមិនពិត។ រីឯសកម្មភាពនយោបាយទៀតសោតនោះ ហេតុអ្វីការជួបជុំត្រូវអស់បន្លាយអស់រយៈពេលដល់ទៅជាងពីរសប្តាហ៍។ នេះបើតាមប្រភពសមត្ថកិច្ចប្រាប់សារព័ត៌មាន CPA។

តាមព័ត៌មានដែលសមត្ថកិច្ចទទួលបាន គឺលោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្វើសកម្មភាពប្រមូល លុយពីប្រជាពលរដ្ឋ បានលើសពី១០ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះមានពលរដ្ឋមួយគ្រួសារ បានឲ្យលុយទៅលោក ខឹម វាសនា ចំនួន១០ម៉ឺនដុល្លារ ខណៈដែលពលរដ្ឋមកពីកូរ៉េខ្លះ ឲ្យក្នុងរង្វង់មួយ ម៉ឺនដុល្លារ។
បើទោះបីជាមានប្រភពដំណឹងបញ្ជាក់អំពីករណីប្រមូលលុយរបស់លោក ខឹម វាសនា ដូច្នេះក៏ដោយ ក៏អាជ្ញាធរត្រូវការការចូលរួមសហការពីប្រជាពលរដ្ឋ។ ការសហការអាចពិបាក ដោយដ្បិតថា ពលរដ្ឋមួយមានភាពខ្មាស អៀននឹង ប្រាប់ព័ត៌មានទៅអាជ្ញាធរ ព្រោះខ្លួនចាញ់បោកឲ្យលុយទៅលោក ខឹម វាសនា។
គិតមកដល់ពេលនេះ សកម្មភាពប្រមូលផ្តុំនៅដីចម្ការលោក ខឹម វាសនា នៅតែបន្តដដែល ក្នុងរង្វង់ពីពាន់នាក់។

ទោះបីជាចំនួនតិចជាងការជួបជុំដំបូង តែអាជ្ញាធរនៅតែបង្ហាញក្តីបារម្ភ ពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ប្រជាពលរដ្ឋ។
គួរជម្រាបថា ការជួបជុំនៅដីចម្ការ បានកើតឡើងកាលពីចុងខែសីហា ក្រោយពេលដែលលោក ខឹម វាសនា បានឃោសនាពីករណី ទឹកជំនន់ នឹងកើតមានក្នុងពេលឆាប់ៗ ហើយមានតែដីចម្ការលោកប៉ុណ្ណោះ ទើបជា ទីទួលសុវត្ថិភាព។ ការឃោសនានេះ បានទាក់ទាញពលរដ្ឋជាង១ម៉ឺន៥ពាន់ នាំគ្នាជញ្ជូនគ្រួសារកូនចៅភ្លូកទឹកភ្លូកដី ទៅជួបជុំដីចម្ការ។ ជាការជួបជុំដែលត្រូវអាជ្ញាធរខេត្តសៀមរាប រំសាយកាលពីថ្ងៃទី០៥កញ្ញា ទៅតាមកិច្ចសន្យារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាមួយនឹង អាជ្ញាធរខេត្តសៀមរាប៕ ដោយ៖សេក ប្រាក់


ads banner