ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា អាចនឹងកើនឡើងដល់ប្រមាណ ពីរលាននាក់ត្រឹមចុងឆ្នាំ២០២២នេះ
ភ្នំពេញ៖ត្រឹមរយៈពេល ប្រាំបី ខែក្នុងឆ្នាំ២០២២ ទេសចរអន្តរជាតិដែល ចូលមកកម្ពុជាមានចំនួនជិតមួយលាននាក់ ហើយបើតាមការព្យាករ ចុងក្រោយ កម្ពុជាទំនងជានឹងទទួលបានទេសចរអន្តរជាតិចាប់ពី ១,៥លាននាក់ ទៅ ២លាននាក់ ត្រឹមចុងឆ្នាំនេះ។
ប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា រួមមានប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវជាដដើម។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែង បញ្ជាក់នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។
ជុំវិញរឿងនេះ លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករ ទេសចរណ៍កម្ពុជា បានប្រាប់ថា ការព្យាករនេះ វាអាចនឹងកើតឡើង និងមិនកើតឡើង ពីព្រោះថាប្រទេសកម្ពុជានៅតែបន្តមានជំងឺកូវីដ-១៩ ហើយគោលនយោបាយទាក់ទងជាមួយជនបរទេស នៅតែមានការរឹត បណ្តឹង។
លោកថា៖ «ខ្ញុំគិតថា ការព្យាករនេះ អាចនឹងជិតទៅដល់ នៅខាងមុខទៀត ប្រសិនបើជំងឺកូវីដ-១៩ លែងជាបញ្ហា ហើយក៏លែងមានការរឹតបណ្តឹង ឬត្រួតពិនិត្យ តាមច្រកចេញ-ចូល ទោះជាមិនអាចកើនដល់ពីរលាននាក់ ក៏អាចកើនពីឥលូវនេះដែរ»។
លោកបន្ថែមថា បន្តទៅឆ្នាំក្រោយៗទៀត ភ្ញៀវបរទេសនឹងបន្តកើនឡើង ពីព្រោះថាស្ថានភាពប្រទេសជិតខាងដែលជាប់ប្រទេសកម្ពុជា ក៏មាន កំណើនភ្ញៀវបរទេសដែរ។
ចំណែកឯកឧត្តម តុប សុភ័គ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់ថា មកទល់បច្ចុប្បន្ននេះ មិនមានការរឹតបណ្តឹងដូចកាលពីមុនឡើយ គ្រាន់តែ ត្រូវការពិនិត្យកាតចាក់វ៉ាក់សាំង សម្រាប់ជនបរទេសដែលចូល មកប្រទេស កម្ពុជា។ «យើងអត់មានត្រូវការអីទៀតទេ យើងគ្រាន់ត្រូវការកាត ចាក់ វ៉ាក់សាំង ហើយចំពោះជនបរទេសដែលមិនបានចាក់វ៉ាក់សាំង គឺគាត់មក គ្រាន់ តែធ្វើតេស្តរហ័ស ហើយគាត់អាចធ្វើដំណើរគ្រប់ទីកន្លែងនៅ ស្រុករបស់យើងបាន»។
ទន្ទឹមនេះឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍គូសបញ្ជាក់ថា ចាប់ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក រដ្ឋាភិបាលបានចាប់ផ្ដើមបើកទូលំទូលាយ រហូតមកដល់បច្ចុប្បន្ននេះ ហើយកាន់តែទូលំទូលាយថែមទៀត ចំពោះ លក្ខខណ្ឌផ្សេងៗសម្រាប់ជនបរទេស គឺលែងមានតម្រូវទៀតហើយ។
សូមជ្រាបថា ចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជាសរុបមានចំនួន ៩៩៨,២៧២នាក់ កើនឡើង ៧២០ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ និង ថយចុះ ៧៧ ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ក្នុងចំណោមនោះ ផ្លូវ អាកាសមាន ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥ភាគរយនិងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១ភាគរយ ធៀបរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២១ ៕ដោយ៖ជាសុខនី
