អិល ឌី ភី៖ ពីគណបក្សនយោបាយ ក្លាយទៅ ជាលទ្ធិ?

ភ្នំពេញ៖ ផ្ដួចផ្ដើមបង្កើតឡើងនៅឆ្នាំ២០១៥ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬហៅកាត់ដោយខ្លីថា អិល ឌី ភី(LDP )បានបំពេញបែបបទចុះបញ្ជីជាផ្លូវការ ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ហើយត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។

ចាប់តាំងពីបង្កើតឡើង គណបក្សមួយនេះគ្មានដាក់ចេញនូវគោលនយោបាយអ្វីច្បាស់លាស់ដូចគណបក្សដទៃទៀតទេ តែការគាំទ្រទាំងឡាយពីសំណាក់ប្រជាពលរដ្ឋចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានតាមរយៈការយន្តការ ៨ចំណុច ដែលលោក ខឹម វាសនា ប្រធានគណបក្ស តែងតែថ្លែងពន្យល់នៅគ្រប់ទីកន្លែង គ្រប់វេទិកា គ្រប់ការពិភាក្សា ទាំងអស់មិនថា ការវេទិកានោះ ធ្វើឡើងជាសាធារណៈ ឬធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយឡើយ។

ការថ្លែងពន្យល់របស់លោក ខឹម វាសនា ជាទូទៅធ្វើឡើងដោយប្រើយុទ្ធសាស្ត្រ «ជេរ»។ ប្រមុខ បក្ស LDP ធ្លាប់ថ្លែងប្រាប់អ្នកសារព័ត៌មានដោយប្រកាន់ ជំហរ រឹង មាំ ថា លោកជេរគេ មិន ខុស ទេ ព្រោះ លោក ជេរ មនុស្ស ដែល គួរ ជេរ ហើយ វា មាន ដើម ហេតុ ដែល នាំ ឲ្យ ក្រុម របស់ លោក ជេរ ផងដែរ។ លើសពីនេះ ប្រធាន បក្ស ជួង បាន ឲ្យដឹងថា ការ ជេរ របស់ លោក ធ្វើ ឲ្យ អ្នក គាំទ្រពេញ ចិត្ត និង ចូល រួម ថវិកាទ្រ ទ្រង់ បក្ស ប្រហែល ៧ទៅ ៨ម៉ឺន ដុល្លារ ជា រៀង រាល់ ខែទៀត ផង ។ ច្រើន ជាង នេះ អ្នក គាំទ្រLDP ផ្សេង ទៀត បាន ទិញ ឡាន ម៉ាក់ Mazda ២០១៦ថ្មី ជូន លោក ថែមទៀត។ បើ តាម លោក ខឹម វាសនា ទាំង នេះ គឺជា កាដូ នៃ ការ ជេរ របស់ លោក ។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាត់មុខមួយរយៈធំ។ គឺទាល់តែចុងខែមុន ពោលគឺនៅចុងខែសីហាកន្លងទៅនេះទេ ទើបគេឃើញគណបក្សនេះមានសកម្មភាពឡើងវិញ តាមរយៈព្រឹត្តិការណ៍ ប្រមូលផ្ដុំមនុស្សនៅចម្ការរបស់លោក ខឹម វាសនា នៅជើងភ្នំគូលេន។ ជាព្រឹត្តិការណ៍កើតឡើងដោយសារតែមនុស្សជឿ លើវោហាសាស្ត្ររបស់លោក ខឹម វាសនា ដែលថា ពិភពលោកទាំងមូលនឹងលិចទឹក ហើយមានតែនៅដីចម្ការរបស់លោក តែមួយគត់ ដែលមានសុវត្ថិភាព គេចផុតពីហេតុការណ៍នេះ។ នៅពេលដែលមនុស្សជឿលើសម្ដីរបស់លោក ខឹម វាសនា នៅក្នុងរឿងអរូបិយ ដោយគ្មានមូលដ្ឋាន និងគ្មានពាក់ព័ន្ធនឹងបញ្ហានយោបាយដូច្នេះ តើគេអាចនិយាយបានទេថា «សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ» កំពុងប្រែក្លាយខ្លួនពី «គណបក្សនយោបាយ» ទៅជា «លទ្ធិ» ទៅហើយ?

មុននឹងឈានទៅឆ្លើយនឹងសំណួរនេះ គេត្រូវយល់សិនអំពី «លទ្ធិ» ដែលក្នុងភាសា អង់គ្លេសហៅថា «Cult»។ «លទ្ធិ» ជាជំនឿមួយប្រភេទ។ ប៉ុន្តែខុសពី «សាសនា» លទ្ធិ ដែលមានរាប់រយរាប់ពាន់លទ្ធិនៅលើ ពិភពលោកយើងសព្វថ្ងៃនេះ អាចកំណត់អត្តសញ្ញាណបានតាមរយៈចំណុចបីសំខាន់៖ ទី១ លទ្ធិ ដឹកនាំ ដោយ មនុស្ស ម្នាក់ ដែល មាន បុគ្គលិក លក្ខណៈ សម្បត្តិ ទាក់ទាញ និង ចាត់ទុកខ្លួនឯងជាអង្គទេពមួយរូប ហើយអ្វីដែលចេញពីមាត់របស់បុគ្គលនោះ គឺជាសាររបស់ព្រះនៅក្នុងសាសនាណាមួយ។ ទី២ លទ្ធិមានទំនោរចង់គ្រប់គ្រងចិត្តរបស់ មនុស្ស ឲ្យលង់ជឿទៅលើពាក្យសម្ដីរបស់មេដឹកនាំលទ្ធិ។ និងទី៣ នៅពេលមនុស្សជឿហើយ លទ្ធិ បើតាមការសិក្សា នឹងស្វែងរកផលចំណេញពីអ្នកទាំងនោះ នៅក្នុងផ្នែកណាមួយ ជាពិសេសផ្នែកសេដ្ឋកិច្ច។

តើគេអាចហៅករណីលោក ខឹម វាសនា ដែលប្រើវោហាសាស្ត្ររបស់ខ្លួន ទាក់ទាញអ្នកគាំទ្រ ឲ្យទៅប្រមូលផ្ដុំគ្នាជាង១ម៉ឺននាក់ នៅផ្ទះចម្ការរបស់ខ្លួន ដោយសំអាងលើហេតុផលថា ពិភពលោកនឹងត្រូវទឹកលិច ថាជាលទ្ធិដែរឬទេ? គេនៅមិនទាន់អាចឆ្លើយនឹងសំណួរនេះបាននៅឡើយទេ ដរាបណាគេមិនទាន់រកឃើញភស្តុតាងច្បាស់លាស់ថា លោក ខឹម វាសនា បានបង្កើតព្រឹត្តិការណ៍នេះ ដើម្បីទាញប្រយោជន៍ប្រមូលប្រាក់ពីអ្នកគាំទ្ររបស់ខ្លួន?

ប្រសិនបើអ្វីដែលលោក ខឹម វាសនា កំពុងធ្វើជា «លទ្ធិ» តើវាបង្កគ្រោះថ្នាក់ដែរឬទេសម្រាប់ស្រុកខ្មែរ? កន្លងមក ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់គូសបញ្ជាក់ហើយថា ការប្រមូលផ្ដុំនេះ កើតឡើងដោយសារតែជំនឿរបស់ពលរដ្ឋតែប៉ុណ្ណោះ។ វាបង្កភាពចលាចល និងប៉ះពាល់ដល់មុខមាត់ប្រទេសជាតិដែរ នៅ ពេលដែលមានពលករខ្មែរនៅក្រៅប្រទេស ជឿលើវោហាសាស្ត្ររបស់លោក ខឹម វាសនា ហើយវេចបង្វិចត្រឡប់មកស្រុក តម្រង់ទៅជើងភ្នំគូលែន ចោលការងារទាំងមិនទាន់ចប់កុងត្រា។

យ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធទាំងឡាយ ត្រូវតែបន្តតាមដានសកម្មភាពរបស់លោក ខឹម វាសនា និងការប្រមូលផ្ដុំនៅចម្ការរបស់លោក ហើយគួរមានផែនការដោះស្រាយឲ្យរួចជាស្រេច ប្រសិនបើស្រាវជ្រាវរកឃើញថា លោក ខឹម វាសនា បង្កើតព្រឹត្តិការណ៍ដើម្បីទាញប្រយោជន៍ពីអ្នកគាំទ្ររបស់ខ្លួន។

ពិសេសជាងនេះ គឺត្រូវប្រយ័ត្នឲ្យមែនទែន ចំពោះរាល់សកម្មភាពរបស់លោក ខឹម វាសនា ដើម្បីធានាថា លោកនឹងមិនប្រើប្រាស់វោហាសាស្ត្ររបស់លោក បង្គាប់បញ្ជាអ្នកគាំទ្រខ្លួន ឲ្យប្រព្រឹត្តិអំពើគ្រោះថ្នាក់ផ្សេងៗ ដូច «លទ្ធិគ្រោះថ្នាក់» នៅបរទេសដូចជាករណីនៅ អាមេរិក Heaven’s Gate, Angel’s Landing, Charles Manson, Synanon, និងករណី Aum Shinrikyo នៅ ប្រទេស ជប៉ុន ជាដើម ៕ ដោយ៖ កែវ កិរិយា

ads banner