អ្នកនាំចេញអង្ករថៃ៖ ថៃត្រូវការពូជស្រូវអង្ករថ្មី ដើម្បីប្រកួតប្រជែងលើទីផ្សារអង្ករពិភពលោក

ថៃ៖ «ប្រទេសថៃត្រូវការពូជអង្ករថ្មី ដើម្បីប្រកួតប្រជែងលើទីផ្សារអង្ករពិភពលោក»។ នេះគឺជាការលើកឡើងរបស់លោក Charoen Laothamatas ប្រធានសមាគមអ្នកនាំចេញអង្ករថៃ នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។

លោក Charoen Laothamatas លើកឡើងដូច្នេះ ដោយសារតែលោកសង្កេតឃើញថា កសិករថៃ មិនបានបង្កាត់ពូជអង្ករថ្មីៗសម្រាប់យកទៅលក់នៅបរទេស ហើយទន្ទឹមគ្នានេះ អង្កររបស់ថៃដាក់លក់ក្នុងតម្លៃមួយខ្ពស់ ដែលជាហេតុធ្វើឲ្យបរិមាណនៃការនាំចេញអង្កររបស់ប្រទេសនេះ បន្តធ្លាក់ចុះ។

ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បានសង្កត់ធ្ងន់ថា៖ «ប្រទេសវៀតណាម និងឥណ្ឌា ដើរទៅមុនថៃមួយជំហាន ដោយបានបង្កាត់ពូជអង្ករថ្មីៗ ដែលមានគុណភាពល្អជាងអង្កររបស់ថៃទៅទៀត។ ដូច្នេះ នៅក្នុងបរិបទនេះ ផ្លូវចេញសម្រាប់ទីផ្សារអង្ករថៃមានតែមួយគត់ គឺត្រូវទម្លាក់តម្លៃលក់របស់ខ្លួន ដើម្បីទាក់ទាញអ្នកទិញ។»

បើតាមលោក Charoen Laothamatas រដ្ឋាភិបាលថៃ នៅក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ផ្ដោតសំខាន់តែទៅលើតម្លៃនៃអង្ករ ប៉ុន្តែមិនដែលអភិវឌ្ឍពូជអង្ករថៃឲ្យប្រសើរជាងមុន ល្អជាងមុន និងឆ្ងាញ់ជាងមុនទេ ហើយនៃគឺជាឧបសគ្គដ៏ចម្បងសម្រាប់ការនាំចេញអង្ករថៃទៅកាន់ទីផ្សារអន្ដរជាតិ។

លោក Charoen Laothamatas ថា៖ «យើងចេះតែកំណត់តម្លៃអង្កររបស់យើងថ្លៃពេក បើប្រៀបធៀបនឹងគុណភាព របស់អង្ករ ហើយនេះគឺជារឿងដែលមិនគួរធ្វើទាល់តែសោះសម្រាប់សេដ្ឋកិច្ចទីផ្សារសេរី។ អ្វីដែលយើងត្រូវធ្វើបន្ទាន់ នាពេលនេះ គឺអភិវឌ្ឍ បង្កាត់ពូជអង្ករថ្មី ដែលឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ទីផ្សារ។ ការធ្វើវិសោធនកម្មច្បាប់ ដើម្បីសម្រួលដល់ការចុះបញ្ជីពូជអង្ករថៃសម្រាប់គោលដៅពាណិជ្ជកម្ម ក៏ជាការងារចាំបាច់ដែលត្រូវធ្វើដែរ។»

លោកគូសបញ្ជាក់បន្ថែមថា មែនទែនទៅ មានពូជស្រូវអង្ករថ្មីៗជាច្រើន ដែលសាកលវិទ្យាល័យ និងវិទ្យាស្ថានមួយចំនួនបង្កាត់បាន។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់កង្វះការអភិវឌ្ឍ និងការគាំទ្រត្រឹមត្រូវ សម្រាប់ផលិតកម្មទ្រង់ទ្រាយធំ ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។

ដើម្បីដោះស្រាយបញ្ហានេះ លោក Charoen ស្នើឱ្យបង្កើត «ក្រុមប្រឹក្សាភិបាលស្រូវ» ដើម្បីកែលម្អ និងអភិវឌ្ឍពូជស្រូវថ្មី។ លោក ចង់ ឲ្យ ក្រុមប្រឹក្សានេះ មានសមាជិកដែលធ្វើការពាក់ព័ន្ធនឹងវិស័យស្រូវអង្ករទាំងអស់ រាប់ចាប់តាំងពី សមាគម អ្នក នាំ ចេញ អង្ករ ថៃ សមាគម អ្នក វេចខ្ចប់ អង្ករ ថៃ សមាគម រោង ម៉ាស៊ីន កិន ស្រូវ ថៃ និង សមាគម ពាណិជ្ជកម្ម គ្រាប់ពូជ ថៃ និងថា សមាជិកក្រុមប្រឹក្សានេះ អាច បង្កើត គោល នយោបាយ ដែល ផ្តល់ ផលប្រយោជន៍ ដល់ភាគីពាក់ព័ន្ធទាំងអស់។

ចំពោះរដ្ឋាភិបាលថៃវិញ លោក Charoen ស្នើឲ្យ បង្កើត គណៈកម្មការ ចំពោះកិច្ច ធ្វើការលើវិស័យស្រូវអង្ករ ឲ្យបាន ឆាប់ តាម ដែល អាច ធ្វើ ទៅ បាន ព្រោះបើតាមបទពិសោធន៍របស់លោក ការ បង្កើត ពូជ ស្រូវ ថ្មី មិនមែន អាច បង្កើត ឡើង បាន ភ្លាមៗ នោះទេ យ៉ាងហោចណាស់ក៏ត្រូវការពេល៣ឆ្នាំដែរ ទើបអាចសម្រេចបាន៕
ដោយ:កែវ កិរិយា

ads banner