ក្រុមជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល​​ ៤៧១ រូប ត្រូវបានប្រកាស​ទទួលស្គាល់

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួម​ជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល​​នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

          ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាន​​នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍​នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល ចំនួន ៤៧១ រូប នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

          បន្ទាប់ពីបានផ្សព្វផ្សាយសេចក្តីកំណត់ ស្តីពីតួនាទី ភារកិច្ច សិទ្ធ រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការ របស់យុវជនគណបក្សថ្នាក់កណ្តាល ក៏ដូចជាសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមជំនួយការ​លេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាលរួច ឯកឧត្តម ហួត ហាក់ ក៏បានពាំនាំនូវការ​ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមជំនួយការលេខាធិការដ្ឋាន យ.គ.ក. ទាំងអស់។

          លើសពីនេះទៀត ឯកឧត្តម ហួត ហាក់ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមជំនួយការទាំងអស់ ដែលមានសមាសភាពមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ក្រសួងស្ថាប័ន គ្រប់ផ្នែក គ្រប់វិស័យ រួមទាំងវិស័ងឯកជន ពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារលេខាធិការដ្ឋាន នៃយុវជនគណបក្ស​ថ្នាក់កណ្តាល ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី​និងសំភារៈ ថវិកា សំដៅរួមចំណែកក្នុងការកសាង កម្លាំងយុវជន សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សជារៀង​ដរាបតទៅ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ហួត ហាក់ ក៏បានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់​គណបក្សដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ​ប្រធានគណបក្ស ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។

មុននឹងបញ្ចប់ ឯកឧត្តម ហួត ហាក់ បានអំពាវនាវឱ្យក្រុមជំនួយការទាំងអស់ចាប់ផ្តើមបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន​ម៉ាណែត គឺការគោរពវិន័យ  ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឈរលើគោលការណ៍ សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ហើយដើម្បីធានាឱ្យបានប្រៀបឈ្នះជាបន្តទៀត យើងទាំងអស់គ្នាជាសមាជិក សមាជិកាគណបក្ស ត្រូវបំផុសចលនា ដោយធ្វើសកម្មភាពគ្រប់រូបភាព និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយ និងសេចក្តីណែនាំរបស់គណបក្ស ហើយត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម ហួត ហាក់ និងសមាជិកក្រុមជំនួយការលេខាធិការដ្ឋានទាំងអស់ សូមសម្តែងការ​គាំទ្រជាឱឡារឹក និងសូមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះសេចក្តីសម្រេចស្តីពីលទ្ធផល នៃសន្និបាត​​គណៈកម្មាធិការកណ្តាល លើកទី៤៣ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១​ ដែលមានដូចខាងក្រោម៖

  • បោះឆ្នោតជ្រើសតាំងបន្ថែម សម្តេចពិន័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស
  • បន្តគាំទ្រ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន​ ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ជាចុងក្រោយ អង្គពិធីទាំងមូលបានអរគុណសន្តិភាព!

អរគុណនយោបាយឈ្នះ-ឈ្នះ និងដឹងគុណជានិច្ច ស្ថាបនិក មុគ្គទេសន៍ឯក និងប្រតិបត្តិករនយោបាយ​ឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ គឺសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ដ៏ឆ្នើមនៃយើង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner