សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ រក្សាវិធានការសុខាភិបាល ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រុងប្រយ័ត្នពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយរក្សាវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។ នេះបើតាមសារសំឡេងរបស់សម្ដេច ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីថ្ងៃទី១១កញ្ញា ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានចំនួនតិចតួចបំផុត ដែលនៅថ្ងៃនេះ យើងសង្ឃឹមថា ការមានការឆ្លងកម្រិតតិចតួចដូចគ្នា ដែលសមិទ្ធផលទាំងអស់នេះ ផ្តើមចេញពីភាពជោគជ័យ នៃប្រជាជាតិយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំរួមមាន៖ ការនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ និងវិធានការនានា។
សម្តេច បានរំលឹកថា កម្ពុជាមានអត្រាឆ្លងកូវីដ-១៩ កម្រិតសូន្យរយៈពេល ៥២ថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ តាំងពីខែមេសា ឆ្នាំ២០២២មកម្លេះ (រយៈ៦ខែ) ដែលជាភាពជោគជ័យមួយដ៏ធំធេងរបស់កម្ពុជា និងជាការចាប់ផ្តើម នៃដំណើរការសេដ្ឋកិច្ច-សង្គម ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពេលនេះ ឆ្នាំមុនយើងស្ថិតនៅមាត់ជ្រោះមរណៈដែលបណ្តាលមកពីជំងឺកូវីដ-១៩ តែពេលនេះយើងនាំគ្នាទៅធ្វើបុណ្យដោយមុខសប្បាយរីករាយបំផុត ៕ ដោយ វណ្ណលុក