លោក ចូ បៃដិន ប្តេជ្ញាទប់ស្កាត់អំពើភេរវកម្ម ក្នុងឱកាសរំលឹកខួបការវាយប្រហារថ្ងៃទី១១ ខែកញ្ញា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រារព្ធខួបលើកទី ២១ នៃព្រឹត្តិការណ៍វាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដោយបានចូលរួមក្នុងពិធីដាក់កម្រងផ្កាដ៏ក្រៀមក្រំនៅឯមន្ទីរបញ្ចកោណ ដែលធ្វើឡើងក្រោមតំណក់ទឹកភ្លៀងធ្លាក់ ដើម្បីឧទ្ទិសដល់ជនរួមជាតិអាមេរិក ដែលបានលះបង់ជីវិតរបស់ពួកគេ ក្នុងថ្ងៃដ៏ខ្មៅងងឹតបំផុតមួយរបស់ប្រទេសមហាអំណាចពិភពលោកនេះ ។
ពិធីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានកើតឡើងជាងមួយឆ្នាំបន្ទាប់ពីលោក បៃដិន បានបញ្ចប់សង្រ្គាមដ៏យូរ និងការចំណាយប្រាក់ដ៏ច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានចាប់ផ្តើមជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មនោះ ។
លោក បៃដិន បានកត់សម្គាល់ថា សូម្បីតែបន្ទាប់ពីកងកម្លាំងអាមេរិកបានចាកចេញពីអាហ្វហ្គានីស្ថានក៏ដោយ ក៏រដ្ឋបាលរបស់លោកនៅតែបន្តស្វែងរកអ្នកដែលទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ។
កាលពីខែមុន លោក បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកបានសម្លាប់លោក Ayman al-Zawahri ដែលជាមេដឹកនាំក្រុមអាល់កៃដា ដែលបានជួយរៀបចំផែនការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា នៅក្នុងប្រតិបត្តិការសម្ងាត់មួយ ។
លោក បៃដិន បាននិយាយថា យើងនឹងមិនភ្លេចទេ… យើងនឹងមិនបោះបង់ឡើយ… ការប្តេជ្ញាចិត្តរបស់យើង ក្នុងការទប់ស្កាត់ការវាយប្រហារផ្សេងទៀតលើសហរដ្ឋអាមេរិក គឺគ្មានទីបញ្ចប់ឡើយ ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា


