ឆេះផ្ទះស្តុកគ្រឿងអំពូលភ្លើង LED មួយកន្លែងនៅខណ្ឌសែនសុខ រងការខូចខាតទាំងស្រុង

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ក្នុងនោះបានបំផ្លាញសម្ភារៈអស់ទាំងស្រុង នៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១១ ខែកញ្ញាម្សិលមិញ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ១៥៣០ តាមបណ្តោយផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ភ្លាមៗនោះ លោកក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រប់គោលដៅទាំងអស់ ដើម្បីចេញជួយអន្តរាគមន៍ផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់យើងលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោយសារតែទីតាំងខាងលើផ្លូវចូលតូចចង្អៀត ជាហេតុពិបាកក្នុងការឲ្យរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ ហើយអណ្ដាតភ្លើងឆាបឆេះលឿនយ៉ាងសន្ធោសន្ធៅ។ តែទោះបីជាយ៉ាងណាក៏កម្លាំងជំនាញ នៅតែប្រឹងប្រែងជួយអន្តរាគមន៍ជានិច្ច ដើម្បីកុំឲ្យមានមារឆ្លងរាលដាលដល់ផ្ទះផ្សេងទៀតរបស់បងប្អូនប្រជាពលរដ្ឋ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ ៥៤ឡាន ស្មើរនឹង ២៣៦ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង ១និង៣៥នាទីយប់រំលងអាធ្រាតនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED និងសម្ភារៈខូចខាតអស់ទាំងស្រុង ដែលមានទំហំ (៥ម៉ែត្រ x ១៤ម៉ែត្រ) សាងសង់អំពីថ្មបេតុង ។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ។

សូមបញ្ជាក់ផងដែរថា ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដួលក្នុងពេលជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសារតែស្រូបផ្សែងពុល នៃអគ្គិភ័យ ដែលបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED ជាប្រភេទសូឡា បណ្តាលឲ្យចេញសារធាតុពុលមកខាងក្រៅ និងបានធ្វើឲ្យមន្ត្រីជំនាញមួយចំនួនទៀតឈ្លក់ផ្សែងពុលនោះ បើទោះបីជាបានប្រើប្រាស់នូវបំពុងខ្យល់អុកស៊ីសែន ដែលហៅកាត់ថា (SCBA) ក៏ដោយ។

ក្រោយពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដួលនៅក្នុងពេលប្រតិបត្តិការនោះ ក្រុមមន្ត្រីជំនាញបានជួយសង្គ្រោះយកចេញពីខាងក្នុងមកដាក់នៅខាងក្រៅ និងបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកធ្វើការជួយសង្គ្រោះ ដើម្បីយកទៅកាន់មន្ទីរពេទ្យផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner