សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ដែលវេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា ។
វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។ ក្រៅតែពីការប្រកាសបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ហើយនោះ ក៏មានការប្រកាសបើកជាផ្លូវការ «ក្លឹបសេដ្ឋកិច្ចអាស៊ាន» ដែលបង្កើតឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) ផងដែរ ។
ពីវេទិកានេះ សម្ដេចតេជោ បានប្រកាសបើកជាផ្លូវការ នូវក្លឹបសេដ្ឋកិច្ច អាស៊ាន (ASEAN Economic Club) ដែលក្លឹបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឱ្យកាន់តែជិតស្និទ្ធ តាមរយៈការចូលរួមតាមដាន, វាយតម្លៃ និងផ្តល់អនុសាសន៍ឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ លើការអនុវត្តកិច្ចព្រមព្រៀង ទាំងឡាយ ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងដទៃពាក់ព័ន្ធនឹងសរសរស្តម្ភសេដ្ឋកិច្ច។ សម្ដេចរំពឹងថា វេទិកានេះ នឹងផ្តល់ឱកាស សម្រាប់ការពិភាក្សា អំពីការរួមគ្នាដោះស្រាយ រាល់បញ្ហាប្រឈមក្នុងតំបន់ និងក្នុងសកល ក៏ដូចជា ការរួមគ្នាចាប់យកឱ្យអស់លទ្ធភាពនូវ កាលានុវត្តភាពថ្មីដែលបានលេចចេញឡើងដូចជា សន្ទុះដ៏លឿន នៃឌីជីថលូបនីយកម្ម និងការកើនឡើងនៃទំហំធុរកិច្ចម ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ជាដើម ។
សម្ដេចតេជោ ក៏បានស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វីក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើតឡើងនូវ តំបន់សេដ្ឋកិច្ច ឬ វិនិយោគបៃតង (Green Economic or Investment Zone) ។ សម្ដេចបន្តថា ជាមួយនឹងការដាក់ឱ្យចូលធរមាននូវ ច្បាប់ស្ដីពីវិនិយោគថ្មី នាពេលថ្មីៗកន្លងទៅនេះ, កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់ ។
ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគាំទ្រការបង្កើតឡើងនូវ មូលនិធិអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែក ក្នុងបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI), និងបំពាក់នូវជំនាញ និងឧបករណ៍ ចាំបាច់ដល់កម្លាំងពលកម្មកម្ពុជា ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ ។
ដើម្បីជាធាតុចូលបន្ថែម សម្រាប់កិច្ចពិភាក្សាក្នុងវេទិកានានេះ សម្ដេចតេជោ បានផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន ដោយបញ្ជាក់ថា ទី១- ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមាន ស្ថិរភាព និងសុខសន្តិភាពពេញលេញ ។ ក្នុងន័យនេះ, អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន ។
ទី២- ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមាន ភាពក្ដៅគគុក, អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវ សុខសន្តិភាព, ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្ថែមលើនេះ, អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្ដាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន និងយកច្បាប់ជាគោល ។
ទី៣- ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន, យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ, និងការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការ អនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ សកលលោក ។
ទី៤- អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅ បំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ, ការពង្រឹង សហគ្រិនភាព និងផ្ដល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ, តូច និង មធ្យម, ការពង្រឹងវិស័យអប់រំ, សុខាភិបាល និងកិច្ចគាំពារសង្គម, ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ, ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង។
ទី៥- អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជា អតិបរមាពីសក្តានុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ, សេដ្ឋកិច្ចបៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា ការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ ឱ្យបានយ៉ាងឆាប់រហ័ស ស្របតាមមូលបទរបស់ វេទិកា ថ្ងៃនេះ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នេះ, កម្ពុជា បាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងគ្រប់ទម្រង់ និង គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងនយោបាយ ជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និង តំបន់ ជាពិសេសតាមរយៈ ការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។
កម្ពុជា ចង់ឃើញតំបន់អាស៊ាន ក៏ដូចជា សកលលោកទាំងមូល មានសុខសន្តិភាព, ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្នយ៉ាងពិតប្រាកដ ជាមួយនឹងការគោរព អធិបតេយ្យភាពនៃប្រទេសនីមួយៗ, ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គ ការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការពហុភាគីនិយម ដែលមានការចូល រួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធ និងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈម ដោយសន្តិវិធី ជាមួយនឹងស្មារតីបើកចំហ, យោគយល់ និងអត់ធ្មត់ឱ្យគ្នាទៅវិញទៅមក ៕ ស៊ូ វណ្ណលុក



