បុគ្គលប្ដូរផ្ដាច់នឹងលោក ពូទីន រិះគន់កងទ័ពរុស្ស៊ីថាធ្វើការមិនបានល្អ ក្រោយចាញ់អ៊ុយក្រែន
រស្ស៊ី៖ មេដឹកនាំនៃសាធារណរដ្ឋរុស្ស៊ី Chechen លោក រាមហ្សាន កាឌីរូវ (Ramzan Kadyrov) ដែលជាបុគ្គលប្ដូរផ្ដាច់នឹង មេដឹកនាំ រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានរិះគន់ខ្លាំងៗចំពោះការបំពេញការងារ របស់កងទ័ពរុស្ស៊ី ក្រោយកងទ័ពឈ្លានពានរុស្ស៊ី ចាញ់កងទ័ព អ៊ុយក្រែន ក្នុងការប្រយុទ្ធនៅក្រុង Izyum និងក្រុង Kupiansk នៃតំបន់ខាកៀវ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ៗ នៅ ភាគខាងកើត។
ក្នុងសារជាសំឡេងដែលបង្ហោះលើតេឡេក្រាមកាលពីថ្ងៃសៅរ៍ លោក កាឌីរូវ បានសារភាពផ្ទុយពីអ្វីដែលវិមានក្រឹមឡាំងតែងតែ ឃោសនា នាពេលកន្លងមកថា ការឈ្លានពានរបស់រុស្ស៊ីមិនប្រព្រឹត្តទៅរលូនទៅ តាមផែនការនោះទេ ហើយលោកពូទីន ក៏ប្រហែលជាមិនដឹងពី ស្ថានភាពនៃយោធារុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនផ្ទាល់នោះដែរ។
លោក កាឌីរូវ ដែលតែងតាំងឡើងដោយវិមានក្រឹមឡាំង អះអាង យ៉ាងដូច្នេះថា៖ «ប្រសិនបើថ្ងៃនេះ ឬថ្ងៃស្អែកគ្មានការផ្លាស់ ប្តូរ យុទ្ធសាស្ត្រទេ ខ្ញុំនឹងបង្ខំខ្លួនឯងឱ្យនិយាយជាមួយថ្នាក់ដឹកនាំ នៃក្រសួងការពារជាតិ[រុស្ស៊ី] និងថ្នាក់ដឹកនាំរបស់ប្រទេស ដើម្បី ពន្យល់ពីស្ថានភាពជាក់ស្តែងនៅសមរភូមិ។
វាជាស្ថានភាពគួរឱ្យចាប់អារម្មណ៍ណាស់»។ មេដឹកនាំ ដែលបញ្ជូន ទ័ពរាប់ពាន់នាក់ឱ្យជួយរុស្ស៊ីដដែល បន្តថា៖ «ខ្ញុំមិនមែនជាអ្នក យុទ្ធសាស្រ្ត ដូចមនុស្សក្នុងក្រសួងការពារជាតិអីទេ ប៉ុន្តែប្រាកដ ណាស់ថា វាមានកំហុសជាច្រើនដែលធ្វើឡើង។ ខ្ញុំគិតថា ពួកគេនឹង ធ្វើការសន្និដ្ឋានមួយចំនួន»។
កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងទ័ពរបស់ ខ្លួនត្រូវដកចេញពីតំបន់ខាកៀវ ដើម្បីទៅបង្កើនកម្លាំង នៅតំបន់ ដុនណិតស្ក៍វិញ ដោយមិនទទួលស្គាល់ថាវាជាការចុះចាញ់នោះទេ។ ទោះបីជាយ៉ាងនេះក្ដី កងទ័ពរុស្ស៊ី កំពុងរងការវាយលុកយ៉ាងដំណំ ពីកងទ័ពអ៊ុយក្រែន ដែលចាប់ផ្ដើម «ប្រតិបត្តិការវាយបក» កាលពី ដើម ខែកញ្ញានេះ។ អ៊ុយក្រែនអះអាងថា ប្រតិបត្តិការរបស់ខ្លួន បានរំដោះទឹកដី អ៊ុយក្រែនជាង ៣ ០០០ គីឡូម៉ែត្រការ៉េ ពីកងទ័ពឈ្លានអ៊ុយក្រែន ដែលរួមបញ្ចូលទាំងក្រុង Izyum និងក្រុង Kupiansk គិតត្រឹម ចុងសប្ដាហ៍។
ការចុះចាញ់របស់រុស្ស៊ីនៅតំបន់ខាកៀវដ៏លឿននេះ ត្រូវបានគេមើល ឃើញថាជារឿងដ៏អាម៉ាស់មួយសម្រាប់យោធារុស្ស៊ី ដែលធ្លាប់ អាម៉ាស់ម្ដងរួចហើយនៅចុងខែមីនា នៅពេលដកថយចេញ ពី តំបន់ជុំវិញរដ្ឋធានីកៀវ ដែលរុស្ស៊ីអះអាងយ៉ាងក្លៀវក្លាពីដំបូងថា នឹងវាយយកបានត្រឹមរយៈពេលពីរថ្ងៃ។
ទន្ទឹមនឹងនេះ ការរិះគន់លើការបំពេញការងាររបស់យោធារុស្ស៊ី ពីលោក កាឌីរូវ ធ្វើឡើង ខណៈដែលអ្នកគាំទ្រការឈ្លានពាន អ៊ុយក្រែន ពួកជាតិនិយមជ្រុល រួមទាំងអ្នកសរសេរប្លុកខាងយោធា របស់រុស្ស៊ី បង្ហាញពីការខឹងសម្បាររបស់ខ្លួននៅលើបណ្ដាញ សង្គម ជុំវិញ ការដកទ័ពចុងក្រោយ ថារុស្ស៊ីកំពុងតែចាញ់សង្រ្គាម ហើយត្រូវ តែបង្កើនកម្លាំងក្នុងការប្រយុទ្ធ៕
ដោយ៖ហួន ឌីណា
ប្រភព៖
Putin ally Kadyrov criticises Russian army after Ukraine setback
Ukraine Presses New Offensive as Russian Troops Retreat From Kharkiv Region