ក្រសួងសង្គមកិច្ច បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីបើកផ្តល់តាវកាលិកកម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោល នយោបាយសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន
ភ្នំពេញ ៖ ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីបើកផ្តល់តាវកាលិកកម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោល នយោបាយសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២នេះ ។
ឯកឧត្តម សំហេង បុរស មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ជាវគ្គបណ្តុះបណ្តាលផ្ទៃក្នុងដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងពីកម្មវិធីនានា ដែលក្រុមការងារអតីតនាយកដ្ឋានសុខុមាលភាពសង្គម ប.ជ.ស. និង ប.ជ.អ. បានកំពុងអនុវត្ត ដូចនេះបន្ទាប់ពីចប់វគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងទទួលបាននូវចំណេះដឹងគ្រប់ផ្នែកទាំងអស់។
ឯកឧត្តម សំហេង បុរស បញ្ជាក់ថា រាល់ថ្ងៃនេះ យើងមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីឌ-១៩ កំពុងទទួលបានការគាំទ្រ និងវាយតម្លៃខ្ពស់ សោធននិវត្តន៍សម្រាប់អតីតមន្ត្រីរាជការស៊ីវិល កំពុងដំណើរការក្រោម ប.ជ.ស. និង សោធននិវត្តន៍សម្រាប់អតីតយុទ្ធជន កំពុងដំណើរការក្រោម ប.ជ.អ. ។
ឯកឧត្តម បន្តថា មន្ត្រីរាជការស៊ីវិលគិតត្រឹមអាយុ ៦០ឆ្នាំ នឹងត្រូវអាយុចូលនិវត្តន៍ ដោយឡែកកងកម្លាំងប្រដាប់អាវុធទាំងខាងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងត្រូវដល់អាយុចូលនិវត្តន៍ទៅតាមប្រភេទឋានន្តរសក្តិ តែមិនលើសអាយុ ៦០ឆ្នាំ។ និវត្តន៍ជនរបស់យើងពិតជាបានរួមចំណែក្នុងការកសាងប្រទេសជាតិបានរីកចម្រើន និងសុខសន្តិភាពរហូតដូចសប់ថ្ងៃនេះ ដូចនេះពួកគាត់គួរតែត្រូវបានយកចិត្តទុក្ខដាក់ទោះក្នុងតម្លៃណាក៏ដោយ។ ថ្មីៗនេះ សម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ដែលការបន្ថែមនេះបែងចែកជាពីរ៖
I. កម្រិតរបបសន្តិសុខសង្គមដែលត្រូវបន្ថែមសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន៖
កម្រិត១៖ របបសន្តិសុខសង្គមសរុបប្រចាំខែបច្ចុប្បន្នទាបជាងឬស្មើ ៦៧០ ០០០(ប្រាំមួយរយចិតសិបពាន់) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម៦៩០ ០០០(ប្រាំមួយរយកៅសិបពាន់)រៀល ក្នុង១ខែ ។
កម្រិត២៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី៦៧០ ០០១(ប្រាំមួយរយចិតសិបពាន់មួយ)រៀល ដល់ត្រឹម៨០០ ០០០(ប្រាំបីរយពាន់)រៀល ត្រូវផ្តល់ជូនបន្ថែមចំនួន ២០ ០០០ (ម្ភៃពាន់) រៀល ក្នុង១ ខែ ។ កម្រិត៣៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨០០ ០០១(ប្រាំបីរយពាន់មួយ) រៀល ដល់ត្រឹម ៨១០ ០០០(ប្រាំបីរយដប់ពាន់) រៀល ត្រូវបន្ថែមឱ្យដល់ចំនួន ៨២០ ០០០ (ប្រាំបីរយម្ភៃពាន់)រៀល ក្នុង១ខែ
កម្រិត៤៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨១០ ០០១(ប្រាំបីរយដប់ពាន់មួយ) រៀល ឡើងទៅត្រូវផ្តល់ជូនបន្ថែមចំនួន១០ ០០០(ដប់ពាន់)រៀល ក្នុង១ខែ ។
II. ឧបត្ថម្ភចំពោះជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ជាអតីតយុទ្ធជនដែលបានធ្វើសមារណកម្មមុនឆ្នាំ២០១៥ ត្រូវបន្ថែមរបបឧបត្ថម្ភជូនអ្នកបម្រើក្នុង១នាក់ ២០០ ០០០(ពីររយពាន់)រៀល ក្នុង១ខែ។
ឯកឧតត្តសង្ឃឹមមជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងយកចិត្តទុកដាក់ស្តាប់គ្រប់បទបង្ហាញ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អបន្ថែមទៀត សម្រាប់យកទៅអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់ ៕ ដោយ-រ៉ាវុធ



