ស្លាកស្នាមសត្វព្រៃឡើងស៊ីផ្លែឈើ និងការដើររកស៊ីចំណី បញ្ជាក់ពីការរស់នៅយ៉ាងសុខសាន្តនៅតំបន់ភ្នំទឹកធ្លាក់អូរជាំ

ខេត្តបាត់ដំបង៖ ក្នុងដំណើរជាមគ្គុទេសជូនអ្នកសារព័ត៌ AMS ដើម្បីស្វែងរកព័ត៌មាន និង ក៏ដូចជាសិក្សាស្វែងយល់ពី តំបន់ទេសចរណ៍នៅខេត្តបាត់ដំបង ផងនោះ ត្រូវបានក្រុមសហគមន៍ នៅរមណីយដ្ឋានទឹកធ្លាក់ អូរជាំ ស្ថិតនៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្ត បាត់ដំបង បានបង្ហាញពីស្លាកស្នាមជាច្រើនរបស់សត្វព្រៃដែលកំពុងរស់នៅ យ៉ាងសុខសាន្ត និងពុំមានអ្នករំខានវាឡើយក្នុងសហគមន៍មួយនេះ។

តាមរយៈការចង្អុរបង្ហាញរបស់អ្នករស់នៅសហគមន៍ ស្លាកស្នាមតាមដើមឈើខ្លះគេឃើញសត្វព្រៃឡើងដើមឈើ ដើម្បី ស៊ីចំណីក្នុងព្រៃភ្នំ ក្នុងនេះដូចជាដើមល្វាព្រៃជាច្រើនដើមត្រូវបានសត្ខខ្លាឃ្មុំឡើងតោងស៊ីផ្លែ។ដើមឈើប្រភេទនេះ គេឃើញស្ទើរគ្រប់ដើមដោយមានស្លាកស្នាមក្រចកខ្លាឃ្មុំឡើងស៊ីផ្លែល្វា ដោយក្នុងនេះមានទាំងស្នាមមេ និងកូនរបស់វាផង។

ក្រៅពីនេះគេក៏ឃើញស្នាមដានជើងសត្វព្រៃដូចជា ឈ្លូស ជ្រូកព្រៃ មួយចំនួនដែលវាបន្សល់ទុកដានពេលចេញរកស៊ីចំណី។សត្វជ្រូកព្រៃខ្លះបន្សល់ទុកនូវការខាំករកេរ ឬស ឈើដែលវារមាស់ធ្មេញ និងកន្លែងខ្លះទៀតវារកស៊ីរុក្ខជាចំណីជាដើម។

លោក វឹង វ៉ឺន អនុប្រធានសហគមន៍ តំបន់ ការពារធម្មជាតិទឹកធ្លាក់អូរជាំ បានចង្អុរបង្ហាញប្រាប់ឱ្យដឹងពេលដើរដល់ដើមល្វាព្រៃមួយដើម ថា ដើមឈើទាំងនេះសុទ្ធតែត្រូវបានខ្លាឃ្មុំឡើងស៊ីផ្លែល្វា ហើយពួកវាមិនមែនមានតែមួយឬពីរក្បាលទេពោលគឺអាចមានចាប់ពី ២ទៅ៣ក្បាលឡើងទៅ។ ក្រៅពីនេះលោកក៏បានបង្ហាញពីសត្វព្រៃវាឆ្លាប់ឆ្លងកាត់ ផ្លូវវាដើរ និងផ្លូវវារកចំណី និងទីជម្រកវារស់នៅលើភ្នំទឹកធ្លាក់អូរជាំកន្លែងនេះ។

អនុប្រធានសហគមន៍ដែលបានជូនដំណើរក្រុមអ្នកសារព័ត៌មានឡើងលើភ្នំដើម្បីស្វែងយល់ពីតំបន់ទេសចរណ៍ និងសិក្សាស្វែងយល់ពីតំបន់នេះបានរៀបរាប់ប្រាប់ថា នៅសហគមន៍របស់លោកមានសត្វរស់នៅច្រើនប្រភេទដូចជា សត្វជ្រូកព្រៃ ឈ្លូស ប្រើស ទន្សោង ស្វា និងសត្វស្លាបជាច្រើនប្រភេទ។ ពួកវាកំពុងរកចំណីនិងយូរៗម្តងវាតែងបង្ហាញឱ្យអ្នកសហគមន៍បានឃើញផងដែរ។

ដោយឡែក លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថានៅសហគមន៍របស់លោកមានវត្តមានសត្វច្រើនប្រភេទកំពុងរស់នៅ និងបានការពារយ៉ាងតឹងរឹង សំដៅធ្វើយ៉ាងណាឱ្យសត្វបាននៅគង់វង្ស ហើយទាក់ទាញភ្ញៀវទេសចរចូលកម្សាន្ត។

លោកថា “សហគមន៍ខ្ញុំបានអប់រំផ្សព្វផ្សាយពីតម្លៃសត្វព្រៃ ហើយដោយមានការសហការគ្រប់ភាគីយើងថែរក្សាសត្វព្រៃបានមកដល់សព្វថ្ងៃ។សព្វថ្ងៃពលរដ្ឋរស់នៅសហគមន៍មិនត្រឹមបញ្ឈប់ដាក់អន្ទាក់ និងបរបាញ់សត្វព្រៃទេ ពួកគាត់ថែមទាំងយល់ដឹងពីតម្លៃសត្វព្រៃ ត្រឡប់មករួមគ្នាការពារផង។វាខុសកាលពីមិនឆ្ងាយណាស់គឺគាត់ជួយការពារពួកយើងខ្ញុំថែមទៀត”។

គួរបញ្ជាក់ថា ដោយសារតែអំណោផលពីភូមិសាស្រ្ត បានធ្វើសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ មិនត្រឹមតែជាទីតាំងភូមិសាស្រ្តកម្សាន្តទេ នៅជាកន្លែងដាំដុះដំណាំកសិកម្ម របស់ប្រជាសហគមន៍យ៉ាងសម្បូរបែបទៀត ។ ជាមួយគ្នាកិច្ចការពារសត្វព្រៃក៏បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍ទៀតផង ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner