រដ្ឋបាលបៃដិន នឹងបង្កើនការរឹតត្បឹតការនាំចេញបន្ទះឈីប និងគ្រឿងផលិតឈីបទៅចិននៅខែក្រោយ
អាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មានគម្រោងក្នុងការបង្កើនការរឹតត្បឹតលើការនាំចេញសេម៊ីកុងឌុចទ័រ (បន្ទះឈីប) ដែលប្រើក្នុងបញ្ញាសិប្បនិម្មិត (AI) និងគ្រឿង ផលិតបន្ទះឈីប ទៅកាន់ប្រទេសចិន នៅខែក្រោយ។ នេះបើតាម សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ សម្ដីប្រភពមិនបញ្ចេញឈ្មោះផ្សេងៗគ្នា។
ប្រភពទាំងនោះអះអាងថា ក្រសួងពាណិជ្ជកម្មអាមេរិក មានបំណង ចេញ បញ្ញត្តិថ្មី ដោយផ្អែកលើការរឹតបន្តឹង ដែលមានលើលិខិត ផ្ញើរទៅកាន់ក្រុមហ៊ុនអាមេរិកចំនួន៣កាលពីដើមឆ្នាំនេះ រួមមាន៖ ក្រុមហ៊ុន KLA Corp ក្រុមហ៊ុន Lam Research Corp និង ក្រុមហ៊ុន Applied Materials Inc។ កន្លងមក គ្មានសេចក្ដី រាយការណ៍ ណាមួយពីផែនការសម្រាប់ច្បាប់ថ្មីនេះទេ។
សូមបញ្ជាក់ថា លិខិតដែលក្រុមហ៊ុនទទួលបាន បានហាមឃាត់ ពួកគេកុំឱ្យនាំចេញគ្រឿងផលិតបន្ទះឈីប ទៅកាន់រោងចក្រចិន ដែលផលិតសេម៊ីកុងឌុចទ័រកម្រិតខ្ពស់ លុះត្រាតែពួកគេទទួល បានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម។
ការរឹតត្បឹតស្រដៀងគ្នានេះ ក៏មាននៅក្នុងលិខិតទៅកាន់ក្រុមហ៊ុន Nvidia Corp និង Advanced Micro Devices ផងដែរ ដោយ ណែនាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរឱ្យ បញ្ឈប់ការដឹក ការដឹក ជញ្ជូនបន្ទះឈីបដែលប្រើក្នុង AI ជាច្រើនទៅចិន លុះត្រា តែមាន អាជ្ញាប័ណ្ណពីក្រសួងដូចគ្នា។
ប្រភពខ្លះដែលរ៉យទ័របានសម្ភាសន៍ បានអះអាងថា បញ្ញត្តិថ្មីទំនង ជានឹងរួមបញ្ចូលសកម្មភាពបន្ថែមប្រឆាំងនឹងចិន។ ប្រភពបន្តថា ច្បាប់ដែលមានក្នុងបទប្បញ្ញត្តិនេះ ក៏អាចដាក់លក្ខខណ្ឌអាជ្ញាប័ណ្ណ លើការនាំចេញផលិតផល ដែលប្រើឈីបគោលដៅទៅចិនផងដែរ។
ជុំវិញបញ្ញត្តិថ្មីនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមិនបាន និយាយ ឱ្យច្បាស់លាស់យ៉ាងណាទេ ប៉ុន្តែបានរំលឹកឡើងវិញថា ក្រសួងកំពុង ទទួលយកវិធីសាស្រ្តទ្រង់ទ្រាយធំ ដើម្បីអនុវត្តសកម្មភាពបន្ថែម ក្នុងការការពារផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិក និង គោលនយោបាយការបរទេស ដែលរួមបញ្ចូលទាំងការរាំងចិនពី ការប្រើប្រាស់បច្ចេកវិទ្យាអាមេរិកក្នុងការធ្វើទំនើបកម្មយោធា។
គួររំលឹកផងដែរថា សកម្មភាពដូចបានគ្រោងទុកនេះ ធ្វើឡើងស្រប ពេលដែលរដ្ឋបាលបៃដិន ព្យាយាមរារាំងការពន្លឿនផ្នែកបច្ចេក វិទ្យារបស់ចិន ដោយដាក់គោលដៅលើការនាំចេញនូវគ្រឿង ឧបករណ៍ណា ដែលបម្រើឱ្យវិស័យនេះ បើទោះបីជាអាមេរិក នៅតែនាំមុខលើវិស័យបច្ចេកវិទ្យាក៏ដោយ៕ ដោយ៖ ហួន ឌីណា