អ្នកសេដ្ឋកិច្ចមើលឃើញថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនឹងជួយ ជំរុញសេដ្ឋកិច្ចកម្ពុជាបានច្រើន

ភ្នំពេញ៖ ជាធម្មតានៅរាល់ឆ្នាំនៃការប្រារព្ធពិធីបុណ្យជាតិ ក៏ដូចជា ពិធី បុណ្យ សាសនាធំៗ ចរាចរណ៍នៃ សេដ្ឋកិច្ចក្នុងស្រុកក៏ចាប់ផ្ដើម មមាញឹកដូចគ្នា ដែលការមមាញឹកនេះ រាប់ចេញពីសកម្មភាពចាយ វាយទូទៅរបស់ប្រជាពលរដ្ឋ រហូតទៅដល់សកម្មភាពបម្លាស់ទី ទៅកាន់ស្រុកកំណើតរបស់ខ្លួន។

ការទិញទំនិញសម្រាប់ ផ្ញើ បងប្អូន សាច់ញាតិការទិញម្ហូបអាហារដើម្បីធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ក្នុង អំឡុងពេលនៃការកាន់បិណ្ឌ ការធ្វើដំណើរទៅស្រុក ឬទៅកាន់ រមណីយដ្ឋាននានា ។ទាំងនេះសុទ្ធ សឹងតែជាសកម្មភាព ដែល ប្រជាជន ភាគច្រើនធ្វើ នៅពេលមានបុណ្យទានម្ដងៗ។

នេះ ក៏ជាមូលហេតុចម្បងដែលជំរុញសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក ឱ្យកម្រើកឡើង ប៉ុន្តែបើតាមអ្នកសេដ្ឋកិច្ច វិស័យទេសចរណ៍ នឹងរួមចំណែកខ្លាំងជាងគេក្នុងការទាញសេដ្ឋកិច្ចក្នុងស្រុកឱ្យងើបឡើង។

អ្នកជំនាញសេដ្ឋកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជាឧកញ៉ា លឹម ហេង បានមានប្រសាសន៍ យ៉ាងដូច្នេះថា៖ «កាលណាមានការប្រារព្ធ ពិធី បុណ្យធំៗ ប្រជាជននឹងមានពេលសម្រាប់ដើរកម្សាន្ដ ក៏ដូចជាដើរ ចាយ ប្រាក់ដែលនេះវានឹងជំរុញទៅដល់សហគ្រាសធនតូច និង មធ្យម បានច្រើន ពិសេសគឺវិស័យទេសចរណ៍តែម្ដង»។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបានបន្ថែមការយល់ឃើញដែរថា វិស័យទេសចរណ៍មួយ នឹងរុញវិស័យផ្សេងៗទៀតឱ្យមាន សកម្មភាពដែរ និងជារួមនឹងជួយដល់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈ ពេលខ្លី។

ស្រដៀងគ្នានេះដែរ ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានមើលឃើញ ពីទំនោរដើរកម្សាន្ដយ៉ាងគំហុក របស់ប្រជាជន ក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំនេះ។

លោក ហូ វណ្ឌី បានមានប្រសាសន៍ថា៖ «រាប់ចាប់ពីពេលកាន់បិណ្ឌ ជា ពិសេសរយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ នឹងមានភាព មមាញឹក នៃការបំលាស់ទីក្នុងទ្រង់ទ្រាយ ធំ ពីក្រុងទៅខេត្ត ក៏ដូចជា ពីបណ្ឌាខេត្ត មួយទៅខេត្តមួយទៀត»។
តាមរយៈការបម្លាស់ទីនេះ វានឹងផ្ដល់ផលចំណេញផ្នែក សេដ្ឋកិច្ច តាមរយៈ ការចំណាយទៅលើថ្លៃ ប្រេងសាំង ការដឹកជញ្ជូន ការហូប ចុក ការស្នាក់នៅជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ហូ វណ្ឌី។

នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលនឹង ឈានចូល មកដល់នាពេលខាងមុខនេះ ឧកញ៉ា លឹម ហេង បានលើកទឹក ចិត្តឱ្យប្រជាពលរដ្ឋ ជួយគាំទ្រការប្រើប្រាស់ផលិតផលក្នុ ងស្រុកឱ្យ បានកាន់តែច្រើនថែមទៀត ជាពិសេសគឺលើកតម្កើង នូវការចាយ ប្រាក់រៀលរបស់ខ្មែរ ឱ្យកាន់តែទូលាយ។ ព្រោះទាំងអស់នេះគឺជា ចំណុច សំខាន់ ក្នុងការរក្សាលំនឹងសេដ្ឋកិច្ចកម្ពុជា ជានិរន្ដ៕ ដោយ៖ សាន ម៉ានិច្ច

ads banner