រដ្ឋមន្រ្តីក្រសួងកសិកម្ម រួមនឹងមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តមង្គលសិរីកៀនឃ្លាំង
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ព្រមទំាងបុត្រា-បុត្រី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមទីប្រឹក្សាក្រសួង និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានមូលមតិគ្នាជាឯកច្ឆន្ទអញ្ជើញចូលរួមកាន់បិណ្ឌទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលពិធីនេះបានរៀបចំនៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្វពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិត ដើម្បីជាតិមានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។

ឯកឧត្តម ក៏បានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងជនរួមជាតិទាំងនៅទីជិត ទីឆ្ងាយ ។ ចំពោះពិធីកាន់បិណ្ឌថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទដែលបានចូលរួមពិធីនាថ្ងៃនេះទាំងអស់សូមទទួលបានផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន។

ដោយឡែកចំពោះ បច្ច័យ ទេយ្យវត្ថុ និងទេយ្យទានជាច្រើនដែលទទួលបានពីកម្មវិធីនាថ្ងៃនេះ បានប្រគេនព្រះចៅអធិការ ព្រមទាំងព្រះសង្ឃដែលគង់ចាំព្រះវស្សា និងទុកសម្រាប់កសាងទីសេនាសេណាក់បន្ថែមនៅក្នុងវត្តមង្គលសិរីកៀនឃ្លាំង ៕ សេឌី
