ថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិធម្មជាតិរុន តាឯក ខេត្តសៀមរាប
សៀមរាប៖ នៅព្រឹកស្អែកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ ផ្សេងៗចេញពីតំបន់ រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុង ភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបដែល ជាទីតាំង ដែល រាជរដ្ឋាភិបាល ផ្តល់ដីជូន បន្ទាប់ពីប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ ចេញពីតំបន់រមណីយ ដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងតំបន់ដទៃទៀត ស្ថិត ក្រោមការ គ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា ។

សូមជម្រាបថា កាលពីខែសីហា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ គណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋ មន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់ និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ការបើកយុទ្ធនាការនេះបានធ្វើឡើង បន្ទាប់ ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពី អង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋាន អង្គរចេញ ពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើន ត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។

បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថាប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំ ចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយ វាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដី ស្រែចម្ការចំនួន ៦,៩៩១ក្បាលដី។

ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូង និងភូមិត្រពាំងសេះ ដែលគ្រប់ លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ទៅចាប់ឆ្នោត ជ្រើសរើស ដីឡូត៍នៅភូមិធម្មជាតិរុនតាឯករួចចំនួន ១,១១៧ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូត៍ ទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ។ ប្រជាពលរដ្ឋស្ម័គ្រចិត្ត និងបានរុះរើតូបខុសច្បាប់ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន ៣២២តូប។ ក្នុងនោះ ស្ថិតនៅចំណុចទីតាំងមុខប្រាសាទបន្ទាយក្តីចំនួន ៣៤តូប, ចំណុច ទីតាំងស្រះស្រង់ខាងត្បូងចំនួន ១៨៦តូប, ចំណុចទីតាំង ភូមិទក្សិណ ខាងត្បូងចំនួន ៧៩តូប និងចំណុចទីតាំងខាងត្បូង កស្សិណអង្គរចំនួន ២៣តូប។ ក្រុមការងារ បានដាំកូនឈើឡើងវិញ លើទីតាំងដីដែលបានរុះរើតូប បានចំនួនប្រមាណពីរពាន់ដើម។

ក្រុមការងារ បានបង្ហោះដ្រូនថតរូបភាពពីលើអាកាស និងផលិតផែន ទីរូបថតតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការ គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរលើផ្ទៃដីទំហំ ៤០,១១៨ហិកតា។
ទន្ទឹមនឹងការងារការវាស់វែងកំណត់និយាមកាក្បាលដី និងរមណីយ ដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរ ជាតិអប្សរាក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះហើយនោះក្រុមការងារអន្តរក្រសួងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់ចែងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិធម្មជាតិរុនតាឯកផងដែរ ដើម្បីបង្កភាពងាយស្រួលដល់ការ រស់ នៅរបស់ប្រជាពលរដ្ឋ។

បន្ថែមពីលើអគារសិក្សា និងផ្លូវក្រួស ក្រហម ចំនួន ៤៥ខ្សែ ដែល បានសាងសង់រួចហើយនោះ ក្រុមការងារកំពុងសិក្សាគម្រោង សាងសង់ផ្សារចំនួនប្រាំបីខ្នង, មណ្ឌលសុខភាពចំនួនបីអគារ រួមមាន៖ អគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅចំនួន មួយខ្នង កម្ពស់ពីរជាន់ មាន ២០បន្ទប់។ រៀបចំប្រព័ន្ធទឹក អគ្គិសនី សេវាទូរស័ព្ទ និងសេវាអ៉ីនធឺណិត។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចូលរួមជាមួយ រាជរដ្ឋាភិបាល ដោយផ្តល់ស័ង្កសីជូនប្រជាពលរដ្ឋចំនួន ៦ម៉ឺនសន្លឹក និងផ្ទះគំរូចំនួន ២០ខ្នង សរុបជាថវិកាជាង ៨២ម៉ឺនដុល្លារ។ ស័ង្កសី ផ្តល់ជូនប្រជាពលរដ្ឋមួយគ្រួសារ ៣០សន្លឹក ហើយផ្ទះគំរូ ២០ខ្នង នឹងត្រូវចាប់ឆ្នោតជូនប្រជាពលរដ្ឋផងដែរ។

គួររំលឹកថា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង ក្រុមការងារទាំងអស់ ដែលបានប្រឹងប្រែងសម្រេចការងារជា ឧត្តម ប្រយោជន៍របស់ជាតិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែង អំណរគុណ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការ និងស្ម័គ្រចិត្តរុះរើ សំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិត ក្រោម ការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា៕
ដោយ៖ វណ្ណលុក