មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកាន់កងឯកភាពចំណុះ ចំពោះយោធិនដែលប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវតែដកឈ្មោះចេញ ពីក្របខណ្ឌកងទ័ពជាកំហិត
ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ទៅកាន់កងឯកភាពចំណុះ នៅក្នុងទិសទី១ ប្រាសាទព្រះវិហារថា បើនៅក្នុងកងឯកភាពណាធ្វើការត្រួតពិនិត្យ ដោយតេស្តទឹកនោមឃើញមានពាក់ព័ន្ធការប្រើប្រាស់ ឬជួញដូរនិងចែកចាយគ្រឿងញៀនខុសច្បាប់ ត្រូវរៀបចំកសាងឯកសារ ដកឈ្មោះចេញពីក្របខណ្ឌកងទ័ពជាកំហិត ។

ការដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក នៅក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ ការងារយោធាប្រចាំខែ សីហា ឆ្នាំ២០២២ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ និងដាក់ចេញទិសដៅការងារយោធាបន្តរ ខែកញ្ញា ឆ្នាំ២០២២ កងពលតូចអន្តរាគមន៍លេខ៩ ក្រោមការអញ្ជើញចូលរួមស្តាប់ពីសំណាក់លោកមេបញ្ជការ លោកមេបញ្ជាការង នាយទាហាន នាយទាហារង ជាច្រើនរូបទៀត ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា ដោយយោងតាមបទបញ្ជា និងអនុសាសន៍ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះយោធិនដែលប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវតែដកឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ ដូច្នេះនៅគ្រប់កងឯកភាពចំណុះ កងពលធំអន្តរាគមន៍លេខ៣ និងអង្គភាពចំណុះ កងពលតូចអន្តរាគមន៍ទាំង៣ ត្រូវត្រួតពិនិត្យ ធ្វើតេស្តទឹកនោម និងតាមដានរកនាយទាហាន ពលទាហាន ដែលបានប្រើប្រាស់ជួញដូរ ចែកចាយ គ្រឿងញៀន យកមកត្រូវអប់រំ ឲ្យកែរប្រែ តែបើមិនអាចអប់រំកែរប្រែបាន ត្រូវរៀបចំកសាងឯកសារ ដកឈ្មោះចោល ចេញពីក្របខ័ណ្ឌកងទ័ពជាកំហិត ។

បន្ថែមពីនេះ នៅគ្រប់កងឯកភាពត្រូវខិតខំយកចិត្តទុកដាក់ ចុះត្រួតពិនិត្យការងារឃ្លាំងភស្តុភារ ឃ្លាំងបច្ចេកទេស និងយោធិន ជំនាញភស្តុភារ ជំនាញបច្ចេកទេស ដើម្បីដាស់តឿនក្រើនរំលឹក និងជម្រុញដល់នាយទាហាន ដែលទទួលភារកិច្ចដឹកនាំបញ្ជា ធ្វើយ៉ាងណាដឹកនាំបញ្ជាឲ្យបានល្អប្រសើរ នៅក្នុងភាពជាថ្នាក់ដឹកនាំ គ្រប់គ្រងកម្លាំងចំនួនទ័ព ជីវភាពរស់នៅរបស់កងទ័ព គ្រួសារទ័ពឲ្យបានល្អ និងគ្រប់គ្រង់អាវុធយុទ្ធភ័ណ្ឌ ឲ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ល្អ និងឲ្យមានការហ្វឹកហ្វឺនបច្ចេកទេស ជំនាញយុទ្ធវិធីប្រយុទ្ធផ្សេងៗ ជូននាយទាហាន ពលទាហាន ឲ្យបានយល់ច្បាស់ក្នុងវិស័យប្រតិបត្តិបត្តិការ ក្នុងជួរកងទ័ព និងជម្រុញការបង្ករបង្កើនផល ការកសាងជម្រកស្នាក់នៅ ក៏ដូចជាអាគារនានាតាមទីបញ្ជាការបន្ថែម។ ពិសេសខិតខំថែរក្សា ជូត លាងរាល់សម្ភារៈបច្ចេកទេស គ្រឿងចក្រនានា ដោះជូត លាងរាល់សម្ភារៈ អាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ និងរៀបចំទុកនៅក្នុងឃ្លាំងឲ្យសុវត្ថិភាពត្រឹមត្រូវទៅតាម ស្តុងដាបច្ចេកទេស ៕ សួនលីណា

