ក្រសួងបរិស្ថាន និងដៃគូចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនតំបន់ទំនាបទន្លេមេគង្គកម្ពុជា និងដែនដីសណ្តរ នៃតំបន់មេគង្គប្រទេសវៀតណាម
ភ្នំពេញ៖ ពិធីចុះហត្ថលេខាមួយបានធ្វើឡើងរវាងក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជាលើកិច្ចព្រមព្រៀងគម្រោង «ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព រវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្តរ នៃតំបន់មេគង្គប្រទេសវៀតណាម»។
ក្នុងពិធីនេះគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២នាទីស្តីការក្រសួងបរិស្ថាន។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម សៅ សុភាពបានមានប្រសាសន៍ថាផ្នែកខាងក្រោមនៃតំបន់ទំនាបអាងទន្លេមេគង្គមានប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែនដែលគ្របដណ្តប់លើប្រទេសកម្ពុជា និងវៀតណាម។ ប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះ (ហៅកាត់ថា TBA) ត្រូវបាន កំណត់ថាជាប្រព័ន្ធស្រទាប់ទឹកក្រោមដីនៃដីសណ្តរទន្លេមេគង្គនៃប្រទេសកម្ពុជា ដែលមានទំហំប្រមាណ ២២៣,០០០គីទ្បូម៉ែត្រការ៉េ។ យោងតាមការសិក្សារបស់អង្គការយូណេស្កូបានបង្ហាញថា ការដកហូត ប្រើប្រាស់ទឹកក្រោមដីពីប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះមានប្រមាណ ៥,៣៨៧លានម៉ែត្រគូប ក្នុង មួយឆ្នាំៗ។ ធនធានទឹកក្រោមដីនៃប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះ មានឥទ្ធិពលយ៉ាងខ្លាំងដល់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដោយធនធានទឹកក្រោមដី នេះបានជួយ បម្រើដល់ផលិតកម្មកសិកម្ម ជាពិសេសដំណាំស្រូវ និងសកម្មភាពចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្នុង ប្រទេសទាំងពីរ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសសម្បូរទឹក ហើយមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើទឹក។តាមពិតប្រទេសកម្ពុជា ជាប្រទេសដែលពឹងផ្អែកខ្លាំងលើធនធានទឹកក្រោមដី ដើម្បីបំពេញបន្ថែមនូវការប្រើប្រាស់ ទឹកក្នុងអំទ្បុងពេលខ្វះខាតទឹកនារដូវប្រាំង។ ទឹកក្រោមដីជាធនធានដ៏មានសារៈសំខាន់ខណៈពេលដែល ទឹកលើដីកាន់តែថមថយ ហើយទឹកក្រោមដីត្រូវបានប្រើប្រាស់យ៉ាងច្រើនដោយប្រជាពលរដ្ឋកម្ពុជាដែល រស់នៅតាមជនបទ។ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ សាន់ហ្វត (Sandford University) បានបង្ហាញថាការប្រើប្រាស់ទឹកក្រោមដីក្នុងប្រទេសកម្ពុជាមានការកើនទ្បើង ១០ភាគរយ ជារៀងរាល់ឆ្នាំ។ ជាមួយគ្នាផងដែរ ការប្រែប្រួលអាកាសធាតុ ក៏បាននិងកំពុងក្លាយជាបញ្ហាចំបងមួយក្នុងការគ្រប់គ្រងទឹក ក្នុងប្រទេសកម្ពុជា។
ឯកឧត្តម រដ្ឋលេខា បានថ្លែងបញ្ជាក់ថា៖បញ្ហា និងក្តីកង្វល់នានា ដែលបាននឹងកំពុងកើតមានសម្រាប់ទឹកក្រោមដីរួមមាន ការហូរច្រោះទឹកប្រៃ និងការធ្លាក់ ចុះនៃបរិមាណស្តុកទឹក ការបំពុល និងការកើនទ្បើងនៃសារធាតុអាសេនិច ការបាត់បង់ដី និងព្រៃឈើ ការបាត់បង់តំបន់ដីសើម ការបាត់បង់ធនធានជលផល ព្រមទាំងទីជម្រក ដែលកំពុងតែស្ថិតក្នុងភាព គ្រោះថ្នាក់ ការប្រើប្រាស់ដីកាន់តែច្រើន និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ បញ្ហាទាំងនេះ គឺជាបញ្ហាចម្បងៗ របស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍មូលដ្ឋាន តាមតំបន់វាលលិចទឹកនៃតំបន់ ទន្លេមេគង្គកម្ពុជា។
ឯកឧត្តម សៅសុភាព បានថ្លែងឱ្យដឹងផងដែរថា ដើម្បីឆ្លើយតបទៅនឹងបញ្ហា និងក្តីកង្វល់ខាងលើ រាជរដ្ឋាភិបាលកម្ពុជាបាន តាក់តែងនូវគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនដូចខាងក្រោម៖
១. ផែនការយុទ្ធសាស្ត្របម្រែបម្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ (ក្រសួងបរិស្ថាន)
២. ច្បាប់ស្តីពីកិច្ចគាំពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ១៩៩៦ (ក្រសួងបរិស្ថាន)
៣. ផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍន៍ដោយចីរភាព ២០១៣-២០៣០ (ក្រសួងបរិស្ថាន)
៤. ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៃប្រទេសកម្ពុជា (២៩ ខែមិថុនា ឆ្នាំ២០០៧) និងអនុក្រឹត្យចំនួន
៥. ដើម្បីគាំទ្រ និងអនុវត្តច្បាប់នេះ ត្រូវបានរៀបចំដោយក្រសួង ធនធានទឹក និងឧតុនិយមក្នុងឆ្នាំ២០០៧
៦. គោលនយោបាយផ្សព្វផ្សាយកសិកម្ម ២០១៥ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
៧. យុទ្ធសាស្ត្រជាតិសម្រាប់ការផ្គត់ផ្គង់ទឹកជនបទ ២០១១-២០២៥ (ក្រសួងអភិវឌ្ឍន៍ជនបទ)
៨. ច្បាប់ស្តីពីការគ្រប់គ្រងអនាម័យ និងការផ្គត់ផ្គង់ទឹកជនបទសម្រាប់ប្រទេសកម្ពុជាត្រូវបាន រៀបចំ
៩. អនុក្រឹត្យលេខ ២៧ ស្តីពីការគ្រប់គ្រងការបំពុលទឹក ១៩៩៩ ក្រសួងធនធានទឹក និងឧតុនិយម
១០.ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ (ក្រសួងផែនការ)
ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន រួមទាំងភាគីពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការក្នុងអំឡុងពេលអនុវត្តគម្រោង សំដៅធានាស្របតាមអាទិភាពនៃយុទ្ធសាស្ត្រជាតិសម្រាប់ផលប្រយោជន៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ចែករំលែកធនធានទឹករួម របស់ យើងប្រកបដោយចីរភាព ៕ ដោយ៖ម៉ាដេប៉ូ





