ឯកឧត្តម វ៉ាត់ ចំរើន៖ អត្តពលិកជម្រើសជាតិ១២ប្រភេទកីឡា ត្រូវគោរពឲ្យបានជាដាច់ខាតនូវវិន័យ ក្រមសីលធម៌ សេចក្តីថ្លែថ្នូរជាតិ អំឡុងពេលហ្វឹកហាត់នៅចិន

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្តាំផ្ញើរអត្តពលិកជម្រើសជាតិកម្ពុជាសរុប១៦១នាក់ លើ១២ប្រភេទកីឡា ថ្នាក់ដឹកនាំ គ្រូបង្វឹក ត្រៀមចេញទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន ត្រូវគោរពឲ្យបានជាដាច់ខាតនូវវិន័យ ក្រមសីលធម៌ សេចក្តីថ្លែថ្នូរជាតិ ក្នុងអំឡុងពេលហ្វឹកហាត់ ដើម្បីត្រៀមប្រជែងមេដាយ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ាត់ ចំរើន តំណាងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC មានប្រសាសន៍ថា ការចេញទៅហ្វឹកហាត់ នៅចិន រយៈពេលវែងនេះ គឺជាការត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣ ប្រកបដោយភាពជឿជាក់ ។ គម្រោងការហ្វឹកហាត់នៅប្រទេសចិន គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងប្រជាជនជន ដែលជាមិត្តដែកថែបដ៏យូរអង្វែងរវាងកម្ពុជា និងចិន។

នេះជាសមិទ្ធផល នៃវិស័យកីឡាកម្ពុជា ដែលរដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងនៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ និងជំនួយឥតសំណងលើការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជា នៅប្រទេសចិន ដើម្បីស្វែងរកកម្រិតគុណភាពកាន់តែខ្ពស់ ក្រោមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។

ឯកឧត្តម ស្នើអោយអត្តពលិកទាំងអស់ ក្នុងអំឡុងពេលហ្វឹកហាត់ សូមត្រៀមខ្លួនឲ្យបានល្អ ក្នុងការកសាងមិត្តភាពជាមួយគ្រូបង្វឹក កីឡាករ កីឡការិនីចិន និងប្រជាជនចិន ដែលពួកគាត់នឹងចែករំលែកចំណេះជំនាញដល់ការហ្វឹកហាត់ដ៏មានសារៈសំខាន់នេះ។ ក្នុងពេលហ្វឹកហាត់នេះ សំខាន់បំផុតគឺត្រូវត្រៀមខ្លួនសម្រាប់ទទួលយកនូវការលំបាក ការតស៊ូ ការប៉ះទង្កិចនានា ដែលនឹងកើតមានឡើងក្នុងពេលហ្វឹកហាត់ ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។

ឯកឧត្តម Wu Gouquan កុងស៊ុលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តំណាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា នេះជាកិច្ចសហការគ្នារវាង ដោយភាគីចិនបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការរៀបចំកម្មវិធីហ្វឹកហាត់ជូនដល់ក្រុមជម្រើសជាតិកម្ពុជា ទាំងការរៀបចំទិដ្ឋាកា ជើងហោះហើរ របស់មន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា។ កម្ពុជា និងចិន កឺជាមិត្តដែកថែប និងជាសហគមន៍រួមជោគវាសនាគ្នា ទ្វេរភាគី ដែលកំពុងអភិវឌ្ឍកម្រិតខ្ពស់រយៈពេលជាយូរមកហើយ ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា ១៦១ លើ១២ប្រភេទកីឡា នឹងចេញទៅហ្វឹកហាត់ នៅប្រទេសនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២តទៅនេះ នឹងបន្តការហ្វឹកហាត់ឲ្យបានបច្ចេកទេសកម្រិតខ្ពស់ ដើម្បីត្រឡប់មកចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ឲ្យទទួលបានលទ្ធផលល្អជាផ្លែផ្កា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner