ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកំពង់ចាម ក៏ដូចស្រុកកោះសូទិន ដែលរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិកន្លងមក

ខេត្តកំពង់ចាម ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយលទ្ឋផលសន្និបាតវិសមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតថ្មី កាលពីថ្ងៃទី១១កញ្ញា ឆ្នំា២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានមានប្រសាសន៍ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម និយាយដោយទ្បែកប្រជាពលរដ្ឋស្រុកកោះសូទិន ដែលរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់សម្តេចតេជោ ហ៊ុន សែន និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិកន្លងមកនេះ។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ កញ្ញារឹទ្ធិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន, ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ។

បន្ទាប់ពីសា្តប់របាយការណ៍លោក ហេង ហ៊ុន ប្រធានគណបក្សស្រុកកោះសូទិន ជម្រាបជូនពីលទ្ឋផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៏ថា ខួបទី៧១ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ដែលប្រារព្វធ្វើថ្មីៗនេះ គឺស្ថិតក្នុងបរិយាកាសល្អប្រសើរពោរពេញដោយក្តីរីករាយ ចំពោះជោគជ័យនៃការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ និងសង្ឃឹមថា នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧បន្តទៀត ព្រមទាំំងផ្សារភ្ជាប់ទៅនឹងខួបលើកទី៤៥ នៃការតស៊ូរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីវាយរំលំរបបប្រល័យពូជសាសន៏ ប៉ុល ពត, រំដោះប្រទេស និងប្រជាជនកម្ពុជា ពីការកាប់សម្លាប់ដ៏រង្គាល នៃរបបយង់ឃ្នងនេះ និងខិតខំការពារ និងកសាងប្រទេសជាតិរហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៏លើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ឆ្លងកាត់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងពីភាពចាស់ទុំនយោបាយនៃដំណើការប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា។ ជោគជ័យនេះ បានបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការផ្តល់យុត្តិធម៌ពីប្រជាជនដល់គណបក្សប្រជាជនកម្ពុជា និងបញ្ជាក់ថា ប្រជាជនកម្ពុជានៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀតក្នុងការដឹកនាំប្រទេស ព្រោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបធ្វើការងារត្រឹមត្រូវ។

ជាមួយនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៏ចំនួន១៦ចំនុច ដល់ក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្តចុះជួយក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីយកទៅអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ឋិភាព ដើម្បីរក្សាប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាឆ្នាំ២០២៣ ”ខាងមុខ៕ដោយ៖សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner